ពហុកីឡាដ្ឋានជាតិអូឡាំពិកបានរៀបចំឡើងយ៉ាងស្រស់ស្អាត ដើម្បីទទួលព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ មុនពេលព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជាដែលនឹងឈានមកដល់នេះ ពហុកីឡដ្ឋាន ជាតិ អូឡាំពិក ត្រូវបានរៀបចំឡើងយ៉ាងស្រស់ស្អាត និងព្រមទាំងបានបំពាក់ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាយ៉ាងទំនើបដើម្បីឱ្យការប្រកួតកីឡាប្រព្រឹត្តិទៅរលូន ប្រកបដោយបរិយាកាសរីករាយ។
គួរបញ្ជាក់ថានៅថ្ងៃទី ២៩ ខែមេសា ថ្ងៃស្អែកនេះពហុកីឡដ្ឋានជាតិ អូឡាំពិក នឹងត្រូវបានបើកទ្វារមុនគេ ក្នុងចំណោមការប្រកួតលើវិញ្ញាសារ កីឡាដទៃទៀត ដើម្បីទទួលការប្រកួត បើកឆាកលើប្រភេទកីឡា បាល់ទាត់ បុរស អាយុក្រោម ២២ឆ្នាំ។
បើយោងតាមតារាងកាលវិភាគនោះគេឃើញថាក្រុមបាល់ទាត់ជម្រើសជាតិយុវជន អាយុក្រោម ២២ឆ្នាំ ឥណ្ឌូណេស៊ី នឹងត្រូវប៉ះហ្វីលីពីន ជាគូបើកឆាក ប្រភេទកីឡាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡា ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។នេះគឺជាការប្រកួត វគ្គសន្សំពិន្ទុ មុនគេ ចេញពីពូល A ក្នុងចំណោម ៥ ក្រុម រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា ។
គួរបញ្ជាក់ថា ក្រៅអំពីជំនួបឥណ្ឌណេស៊ី ជាមួយហ្វីលីពីន នាវេលាម៉ោង ៤ រសៀល ថ្ងៃទី២៩ ខែមេសានោះ U22 របស់ម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវប៉ះ U22 ទីម័រខាងកើត នៅម៉ោង ៧ យប់ថ្ងៃដដែល ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នេះផងដែរ។
បើយោងតាមអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក កែវ សារ៉េត បានប្រាប់បណ្តាញសារព័ត៌មាននាកន្លងមកបានឱ្យដឹងថា សម្រាប់ទីលានបាល់ទាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានកៅអី ប្រមាណ ២៩០០០ កន្លែង ក្នុងនោះ នៅទីតាំងចំហរមាន ២៤.០០០ កន្លែង និងទីតាំងម្លប់ មានតែ ៥០០០ កន្លែង៕ អត្ថបទ៖លោក ជិន ម៉ាដេប៉ូ រូបភាព៖ លោក ងីម ឆៃហួត