រាជទូតកម្ពុជា ស្នើទៅក្រសួងការបរទេសថៃ ឱ្យជួយសម្របសម្រួលពន្លឿន ការដោះលែងពលករខ្មែរ១៤នាក់ឱ្យបានឆាប់ និងសូមកុំដាក់ខ្នោះច្រវាក់ បែបនេះទៀត ចំពោះអ្នកលួចឆ្លងដែនចូល ថៃខុសច្បាប់
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ បាន ជម្រាបជូននូវបច្ចុប្បន្នភាព អំពីការចាប់ឃាត់ខ្លួន និងដាក់ខ្នោះច្រវាក់ ចំពោះពលករខ្មែរដែល លួចឆ្លងដែន ចូលប្រទេសថៃ ដោយខុសច្បាប់។
ក្រសួងការបរទេសបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម ស្ថានឯក អគ្គរាជ ទូតកម្ពុជា ប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្ត សាកែវ បានទាក់ទងអាជ្ញាធរថៃ និងចុះជួបផ្ទាល់ជាមួយពលករខ្មែរខាងលើ ដោយបានទទួលព័ត៌មានថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ អាជ្ញាធរ មានសមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនពលករខ្មែរ ចំនួន១៤នាក់ ដែលបាន លួច ឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ (ក្នុងនោះមានស្រីចំនួន៥នាក់) នៅតំបន់ណាត្រាត ខេត្តសាមុតប្រាកាន។
នៅពេលបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅទីក្រុងបាងកក ពលករទាំងនោះ ត្រូវបានអាជ្ញាធរថៃ ដាក់ខ្នោះច្រវាក់ ដោយសារខ្លាចរត់គេចខ្លួន ហើយពួក គាត់ ត្រូវបានអាជ្ញាធរថៃ ដោះខ្នោះច្រវាក់ចេញវិញ ពេលដល់នៅមន្ទីរ ឃុំឃាំង បាងកែវ (ទីក្រុងបាងកក)។
តាមការសម្របសម្រួល និងចរចារបស់ស្ថានទូតកម្ពុជា អាជ្ញាធរថៃ នឹង បញ្ជូនពលករខាងលើ ត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយការសួរនាំ និងបំពេញសំណុំឯកសារចប់សព្វគ្រប់ ។
បន្ថែមលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានលើក សំណើទៅកាន់ក្រសួងការបរទេសថៃផងដែរ ដើម្បីស្នើសុំឱ្យជួយសម្រប សម្រួលជាមួយតម្រួតអន្តោប្រវេសន៍ថៃ បន្ថែមទៀត សំដៅជួយពន្លឿន ការដោះលែងពលករទាំង១៤នាក់ខាងលើ ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន និងសូមកុំដាក់ខ្នោះច្រវាក់បែបនេះទៀត ចំពោះពលក រខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ព្រោះពួកគាត់ មិនមែនជាឧក្រិដ្ឋជនទេ។ ជាការឆ្លើយតប តំណាងក្រសួងការបរទេសថៃ បានសន្យាថា នឹងពាំនាំសំណើរបស់ស្ថានទូតកម្ពុជា ជម្រាបជូនតម្រួត អន្តោប្រវេសន៍ថៃ។
ប្រភពដដែលបន្តថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ក៏ដូចជា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ តែងតែណែនាំដល់ពលករខ្មែរ ទាំងអស់ ឱ្យចូលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយស្របច្បាប់ ដើម្បីជៀសវាងនូវផលវិបាកនានា៕ ដោយ៖ សួង ពិសិដ្ឋ