ចិន ពង្រីកវិសាលភាពច្បាប់ប្រឆាំងចារកម្ម និងអនុម័តចូលជាធរមាននៅខែកក្កដាខាងមុខ
នាថ្ងៃទី២៦ខែមេសាឆ្នាំ២០២៣ សមាជិកសភាចិនបាននាំគ្នាអនុម័តការធ្វើបច្ចុប្បន្នភាពច្បាប់ប្រឆាំងចារកម្មរបស់ទីក្រុងប៉េកាំង ដោយហាមប្រាមមិនឱ្យមានការផ្ទេរព័ត៌មានណាមួយដែលទាក់ទងនឹងសន្តិសុខជាតិរបស់ចិន។មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានពង្រីកនិយមន័យនៃពាក្យថា «ចារកម្ម» ឱ្យកាន់តែមានភាពទូលំទូលាយជាងមុនទៀតផង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ចិន បានអនុម័តច្បាប់ស្ដីពីការប្រឆាំងចារកម្ម បន្ទាប់ពីត្រូវបានកែសម្រួល និងផ្លាស់ប្ដូរមាត្រាមួយចំនួនជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៤ មក។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានការប្រជុំពិភាក្សាអស់រយៈពេលបីថ្ងៃ ហើយច្បាប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ប្រមាណជិតមួយទសវត្សរ៍មកហើយដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បានចាត់ទុកបញ្ហាសន្តិសុខជាតិ ជារឿងដ៏សំខាន់ក្នុងការដោះស្រាយ ពោលគឺចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងឆ្នាំ២០១២។
អ្នកវិភាគមួយចំនួនបានយល់ឃើញថា កំណែទម្រង់លើច្បាប់នេះគឺជាភស្តុតាងបញ្ជាក់ពីការរឹតបន្តឹងបន្ថែមទៀត ដោយសារតែចិនបានដឹងយ៉ាងច្បាស់ថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តហាក់កំពុងព្យាយាមបង្កើនឥទ្ធិពលកាន់តែខ្លាំង។
បន្ទាប់ពីមានការកែប្រែមួយចំនួន រាល់ឯកសារ ទិន្នន័យ សម្ភារ និងរបស់របរដែលទាក់ទងនឹងសន្តិសុខ និងផលប្រយោជន៍ជាតិ គឺត្រូវស្ថិតនៅក្រោមច្បាប់នេះ ដូចគ្នាទៅនឹងព័ត៌មានសម្ងាត់របស់រដ្ឋផងដែរ។ នេះបើយោងតាមអត្ថបទច្បាប់ដែលបានកែសម្រួលហើយ និងដែលបានចេញផ្សាយដោយកាសែតចិនស៊ីនហួ (Xinhua) កាលពីល្ងាចថ្ងៃពុធ។
យ៉ាងណាក៏ដោយច្បាប់នេះមិនបានកំណត់ច្បាស់នោះទេថា តើអ្វីខ្លះដែលត្រូវចាត់ទុកថាជារឿងពាក់ព័ន្ធនឹងសន្តិសុខជាតិ ឬផលប្រយោជន៍ចិន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួ បានរាយការណ៍ថា ចិនបានធ្វើការពង្រីកនិយមន័យនៃពាក្យថា «ចារកម្ម» ដើម្បីរួមបញ្ចូលបញ្ហាមួយចំនួនទៀតដូចជា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតប្រឆាំងនឹងស្ថាប័នរបស់រដ្ឋ ឬហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗផ្សេងទៀត។
ច្បាប់ដែលបានកែប្រែថ្មីនេះ អនុញ្ញាតឱ្យអាជ្ញាធរចិនអនុវត្តការស៊ើបអង្កេតប្រឆាំងនឹងចារកម្ម តាមរយៈការចូលទៅត្រួតពិត្យទិន្នន័យ ឧបករណ៍អេឡិចត្រូនិក ព័ត៌មានអំពីទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងការហាមឃាត់ការឆ្លងកាត់ព្រំដែនផងដែរ។ គួរបញ្ជាក់ថា ការវាយប្រហារតាមបណ្ដាញអ៊ីនធឺណិត ក៏ត្រូវបានចាត់ថ្នាក់ថាជាអំពើចារកម្មផងដែរ។
លោក ចឺរេមី ដួម (Jeremy Daum) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល Paul Tsai China Center នៃសាលាច្បាប់យែល (Yale) មានប្រសាសន៍ថា «ទំនាក់ទំនងអន្តរជាតិនៅតែបន្តមានភាពជូរចត់ ពោរពេញទៅដោយការសង្ស័យគ្នាទៅវិញទៅមក ហើយបញ្ហាសន្តិសុខជាតិ និងការប្រឆាំងចារកម្មហាក់កំពុងត្រូវបានផ្ដោតសំខាន់យ៉ាងខ្លាំង»។
ជាក់ស្ដែង ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានឃុំខ្លួនជនជាតិចិន និងជនបរទេសរាប់សិបនាក់ ពីបទចារកម្ម។ ឧទាហរណ៍ កាលពីខែមុន នាយកប្រតិបត្តិនៅក្រុមហ៊ុនផលិតឱសថជប៉ុនមួយឈ្មោះថា អាស្ទេឡាស ហ្វាម៉ា (Astellas Pharma) ត្រូវបានឃុំខ្លួននៅទីក្រុងប៉េកាំង។ ជាទូទៅ ករណីចារកម្មតែងតែត្រូវបានកាត់ទោសនៅក្នុងសវនាការបិទជិតដោយសម្ងាត់ ដោយសារតែវាជាករណីដែលជាប់ពាក់ព័ន្ធនឹងសន្តិសុខរបស់ជាតិ។ ប្រែសម្រួលដោយ៖ ធា សុណា