អ្នកលបបាញ់រុស្ស៊ី បានបាញ់សម្លាប់អ្នកកាសែត អ៊ុយក្រែនស្លាប់ភ្លាមៗ នៅលើស្ពានមួយនៅទីក្រុងខឺសុន

កៀវ៖ រដ្ឋអាជ្ញានៅតំបន់ទីក្រុងកំពង់ផែ ខឺសុន (Kherson) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម ទៅលើករណីទាហានរុស្ស៊ី ដែលបានបាញ់សម្លាប់អ្នកកាសែតអ៊ុយក្រែនម្នាក់ស្លាប់កាលពីល្ងាចថ្ងៃពុធ។ គួររំឭកថា លោក បូកដាន ប៊ីទីក (Bogdan Bitik) ត្រូវបានបាញ់សម្លាប់ភ្លាមៗនៅខណៈពេលដែលលោកស្ថិតនៅលើស្ពានអានតូនីវកា(Antonivka) ដែលជាផ្លូវឆ្លងកាត់ទន្លេឌីប្រូ (Dnipro) ស្ថិតនៅជិតទីក្រុងកំពង់ផែខឺសុន។
 
សាកសពរបស់ លោក ប៊ីទីក ត្រូវបានទុកចោលនៅលើស្ពានអស់រយៈពេលជាច្រើនម៉ោង ដោយសារក្រុមអ្នកជួយសង្គ្រោះបានលើកឡើងថា «វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការដែលត្រូវចូលទៅយកសាកសពនៅពេលនេះ»។
 
គួរដឹងដែរថា លោក ប៊ីទីក គឺជាអ្នកកាសែតស៊ីវិលដំបូងគេដែលត្រូវបានសម្លាប់នៅអំឡុងពេលបំពេញការងារនៅក្នុងប្រទេសអ៊ុយក្រែនគិតថាប់តាំងពីដើមឆ្នាំ២០២៣មក។ លោក ប៊ីទីក កំពុងបំពេញតួនាទីជាអ្នកបកប្រែទៅកាន់អ្នកកាសែតជនជាតិអ៊ីតាលីម្នាក់ឈ្មោះថា ខូរ៉ាដូ ហ្ស៊ូនីណូ (Corrado Zunino) ដែលត្រូវបានខ្មាំងកាំភ្លើងបាញ់ដូចគ្នាដែរ ប៉ុន្តែលោកបានរួចរស់មានជីវិត បន្ទាប់ពីគ្រាប់កាំភ្លើងមួយគ្រាប់ត្រូវបានបាញ់ត្រូវអាវក្រោះការពារគ្រាប់កាំភ្លើងរបស់លោក ប៉ុន្តែមិនធ្លុះ។ 
 
ដោយឡែក ស្ថាប័នកាសែតអ៊ីតាលី ដែលពួកគេទាំងពីរកំពុងធ្វើការឱ្យនោះមានឈ្មោះថា La Repubblica។ កាសែតនេះបានរាយការណ៍ថា អ្នកកាសែតពីរត្រូវបានក្រុមអ្នកលបបាញ់របស់ទាហានរុស្សី ឬជាភាសាអង់គ្លេសថា Sniper ដែលកំពុងនៅឃ្លាំមើលសកម្មភាពនៅលើស្ពានមួយក្នុងទីក្រុងខឺសុន ប្រទេសអ៊ុយក្រែន បាញ់សម្លាប់ភ្លាមៗពេលកំពុងបំពេញតួនាទី។
 
បើទោះបីជាពួកគេទាំងពីរបានពាក់អាវកាក់សម្គាល់ខ្លួនថាជាអ្នកសារព័ត៌មាន ប៉ុន្តែសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ(IFJ) បានកត់សម្គាល់ថា អ្នកកាសែតជាច្រើននាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀត បើទោះបីជាខ្មាំងកាំភ្លើងបានកំណត់អត្តសញ្ញាណដឹងច្បាស់ថាជាអ្នកសារព័ត៌មានហើយក៏ដោយ។ ការបាញ់សម្លាប់អ្នកសារព័ត៌មានបែបនេះ គឺជាការរំលោភទៅលើច្បាប់អន្តរជាតិ ពោលគឺអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
 
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍អ៊ីតាលីថា «ទាហានរុស្សីមិនខ្វល់ថាអ្នកឯងជាជនជាតិរុស្សី អ៊ីតាលី ឬអ៊ុយក្រែននោះទេ ពោលគឺពួកគេដឹងតែបាញ់សម្លាប់យកតែម្ដង»។ ហេតុការណ៍នេះបានគូសបញ្ជាក់ឱ្យឃើញថា អ៊ុយក្រែនបានអនុញ្ញាតឱ្យសារព័ត៌មានថ្មីៗ ចូលមកក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែបានកំណត់តំបន់មួយចំនួនថាជាតំបន់ហាមឃាត់សម្រាប់អ្នកកាសែត ឬតម្រូវឱ្យពួកគេអមដំណើរដោយមានមន្ត្រីយោធាទៅជាមួយ។
 
មិនត្រឹមតែប៉ុណ្ណោះចាប់ពីខែឧសភាតទៅ អ្នកសារព័ត៌មាននឹងត្រូវស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលអ៊ុយក្រែនរៀងរាល់ប្រាំមួយខែម្តង។ ការណ៍នេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន។ វិទ្យាស្ថានសារព័ត៌មានឯករាជ្យរបស់អ៊ុយក្រែន បានស្នើទៅកាន់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ឱ្យបង្កើតបណ្ដាញទំនាក់ទំនងរវាងយោធា និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនតម្លាភាព និងសុវត្ថិភាពដល់គ្រប់ភាគីទាំងអស់។
 
ការស្លាប់របស់លោក ប៊ីទីក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជនជាតិអ៊ុយក្រែនផ្សេងទៀតដែលកំពុងជួយបកប្រែឱ្យអ្នកកាសែតបរទេស។ ជាក់ស្ដែង អ្នកបកប្រែម្នាក់បានរាយការណ៍ថា ការងាររបស់ពួកគេច្រើនតែមានគ្រោះថ្នាក់ជាងអ្នករាយការណ៍បរទេសដែលជួលពួកគេឱ្យធ្វើការ។ យ៉ាងណាក៏ដោយ យោងតាមប្រភពរបស់ ទាហានអ៊ុយក្រែនបានឱ្យដឹងថា ការស្លាប់របស់លោក ប៊ីទីក គឺដោយសារតែលោកមិនបានពាក់អាវក្រោះការពារគ្រាប់កាំភ្លើង។ ការស្លាប់របស់អ្នកបកប្រែនេះទៀតសោត បានបន្សល់ទុកនៅប្រពន្ធ និងកូនប្រុសម្នាក់របស់លោក ឱ្យរស់នៅកំព្រាឪពុក៕ ប្រែសម្រួល៖ ធា សុណា

ads banner