អង្គការ អាយឌីអ៊ីកម្ពុជា រៀបចំសិក្ខាសាលាពិភាក្សាអំពីការអភិវឌ្ឍទីផ្សារអនាម័យនៅភាកឦសាន
ភ្នំពេញ៖ អង្គការ អាយឌីអ៊ីកម្ពុជា(IDE) ដែលធ្វើការលើកផ្នែកអនាម័យនិងបញ្ចប់ភាពក្រីក្រ បានបើកសិក្ខាសាលាដើម្បីពិភាក្សាអំពីការអភិវឌ្ឍទីផ្សារអនាម័យនៅភាកឦសាននៃប្រទេសកម្ពុជា ដោយផ្ដោតលើប្រជាជនដែលរស់នៅតំបន់ជនបទ តំបន់ដែលមានបរិស្ថានប្រឈម និងជនជាតិដើមភាគតិច ដើម្បីគាំទ្រដល់ការបង្កើនការគ្របដណ្តប់ផ្នែកអនាម័យ។
ការវាយតម្លៃទីផ្សារអនាម័យនេះ ធ្វើឡើងក្នុងខេត្តចំនួនប្រាំរួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ជាខេត្តដែលមានការគ្រប់ដណ្តប់លើផ្នែកអនាម័យទាបជាងកម្រិតមធ្យមនៃថ្នាក់ជាតិ។ សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៦ ខែមេសា ដែលមានការចូលរួមពី តំណាងមកពីវិស័យសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងធ្វើសុពលភាពលើលទ្ធផលនៃការវាយតម្លៃ និងដើម្បីពិភាក្សាអំពី អនុសាសន៍នានាសម្រាប់ការអភិវឌ្ឍទីផ្សារអនាម័យនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា។ ការសិក្សាវាយតម្លៃ និងអនុសាសន៍ពីការវាយតម្លៃនេះ គឺដើម្បីគាំទ្រដល់ការបង្កើនការគ្របដណ្តប់ផ្នែកអនាម័យ សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ជនបទ តំបន់ដែលមានបរិស្ថានប្រឈម ជាពិសេសប្រជាជនដែលមានជីវភាពខ្វះខាត និងជនជាតិដើមភាគ
តិច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ អាយឌីអ៊ីកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៨ខែ
មេសានេះ។
ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្រសួងអវឌ្ឍន៍ជនបទ បានផ្ដោតការយកចិត្តទុកដាក់លើការរៀបចំនូវគោលនយោបាយ នឹងគោលការណ៍ណែនាំនានាដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ប្រកបដោយបរិយាប័ន្ទ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦។ លោកថា៖«ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺកម្ពុជាក្លាយជាប្រទេស ដែលប្រជាជនទាំងអស់មានលទ្ឋ ភាពទទួលបានទឹកស្អាត និងអនាម័យដែលប្រកបដោយនិរន្តរភាព»។
ជាមួយគ្នានេះលោក Kevin_Robbins នាយកប្រចាំប្រទេសនៃអង្កការអាយឌីស៊ីកម្ពុជា បានពន្យល់ថា ការស្រាវជ្រាវនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកពាក់ព័ន្ធដែលកំពុងធ្វើការលើវិស័យទីផ្សារ អនាម័យនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅទីជនបទ និងតំបន់ដែលមានបរិស្ថានប្រឈម ។
លោកថា៖«យើងត្រូវការទិន្នន័យ និងព័ត៌មានដែលថ្មី និងត្រឹមត្រូវទាក់ទងនឹងឥរិយាបថ និងតម្រូវការ របស់អ្នកប្រើប្រាស់ ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មសមស្រប ឧបសគ្គ ក៏ដូចជាឱកាសនៃទីផ្សារ
អនាម័យ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលពាក់ព័ន្ធនានា»។
លោក Michele Paba ប្រធានកម្មវិធីទឹកស្អាត អនាម័យ អាកាសធាតុ និងបរិស្ថាននៃអង្គការយូនីសេហ្វបានពន្យល់ថា ក្នុងទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបង្កើនការគ្របដណ្ដប់អនាម័យជនបទ។ លោកថា៖« ប៉ុន្តែយើងនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើដើម្បីជួយឱ្យប្រជាជនជនបទ និងទីក្រុងទាំងអស់របស់កម្ពុជា រួមទាំងអ្នកដែលរស់នៅក្នុងតំបន់ដែលមានបរិស្ថានប្រឈម ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិច អាចមានលទ្ធភាពទទួលបាននូវអនាម័យ ដែលប្រកបដោយបរិយាបន្ន មានភាពធន់ និងមានសុវត្ថិភាព»។
ការវាយតម្លៃនេះធ្វើឡើងដោយអង្គការ អាយឌីអ៊ីកម្ពុជា ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ ហើយសិក្ខាសាលាពិគ្រោះយោបល់នេះ គឺជាផ្នែកមួយនៃការវាយតម្លៃទីផ្សារអនាម័យ ក្រោមការគាំទ្រហិរញ្ញវត្ថុដោយអង្គការយូនីសេហ្វ។ ការវាយតម្លៃនេះ បានវិភាគលើឧបសក្គទីផ្សារ ហានិភ័យនានា ឱកាស និងលទ្ធភាពក្នុងការពង្រីកទីផ្សារ និងគ្របដណ្តប់លើអ្នកប្រើប្រាស់ដែលមានកម្រិតប្រាក់ចំណូលទាប៕ ដោយ៖ សុខ រក្សា