រដ្ឋបាលជលផល និងអង្គការដៃគូ នឹងរៀបចំពិធីប្រគល់កញ្ចប់វិនិយោគដល់សហគ្រាសកែច្នៃផល ផលិតផលជលផល
ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)នឹងរៀបចំពិធីប្រគល់សម្ភារ បរិក្ខារ និងកញ្ចប់វិនិយោគ នៃកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម ដល់សហគ្រាសកែច្នៃផល ផលិតផលជលផលចំនួន ២៨ សហគ្រាស។
សេចក្តីជូនដំណឹងរួមគ្នារវាងស្ថាប័នដែលបានរៀបរាប់ខាងលើបានឱ្យដឹងថា កម្មវិធីនេះមានគោលដៅគាំទ្រដល់សហគ្រាសជលផលប្រមាណ ២០០ សហគ្រាស ដោយផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងកញ្ចប់វិនិយោគ សម្ភារ បរិក្ខា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងការបោះជំហានចូលទៅកាន់ទីផ្សារបានកាន់តែប្រសើរ។ កម្មវិធីនេះនឹងធ្វើឡើងនៅវេលាម៉ោង២ដល់ម៉ោង៥រសៀល នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖«កម្មវិធីនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលមានការចូលរួមផ្ដល់ថវិកាគាំទ្រដោយសហភាពអឺរ៉ុប និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល និងអង្គការ UNIDO»។
ប្រភពដដែលបន្តថា ពីធីប្រគល់សម្ភារ បរិក្ខារ និងកញ្ចប់វិនិយោគនេះ នឹងត្រូវបានចូលរួមដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ខាមិន ម៉ូរ៉េណូ អគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា និងលោក ហ្គូនធឺ បេកហ្គឺ នាយកគ្រប់គ្រងនៃអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG)នវានុវត្តន៍និងបរិវត្តកម្មសេដ្ឋកិច្ចរបស់អង្គការUNIDOរួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង និងស្ថាប័នពាក់ព័ន្ធ តំណាងមកពីវិស័យឯកជន និងជាពិសេសមានការចូលរួមពីម្ចាស់សហគ្រាសជលផលក្រោយប្រមូលផលផងដែរ៕ ដោយ៖ សុខ រក្សា