សហភាពអង្គការសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសវប្បធម៌សាបព្រួស សម រង្ស៊ី (Video Inside)
សហភាពអង្គការសង្គមស៊ីវិល ដែលជាក្រុមយុវជនអង្គការសង្គមស៊ីវិលប្រមាណ ២២ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសការសាបព្រួសវប្បធម៌អាក្រក់របស់ សម រង្ស៊ី ក្នុងសង្គមជាតិខ្មែរ។ ការសាបព្រួសវប្បធម៌អាក្រក់របស់ សម រង្ស៊ី ត្រូវបានសហភាពអង្គការសង្គមស៊ីវិល បានសរសេរថាមានចំនួន ៦ចំណុច ដែលជាវប្បធម៌នយោបាយ នៃឱ្យសង្គមខ្មែរឈានទៅរកការបែកបាក់។
ចំណុចទាំង៦រួមមាន
ទី១៖ ការធ្វើនយោបាយបំបែកបំបាក់ជាតិ តាមរយៈការប្រើសារនយោបាយ ដោយចោទប្រកាន់ខ្មែរគ្នាឯងថា អាយ៉ងយួន ក្បត់ជាតិ ក្បត់បក្ស ក្បត់ក្រុម ដែលជាការបណ្តុះគំនិតស្អប់ខ្ពើមជ្រុលនិយមធ្វើឱ្យសង្គមខ្មែរបែកបាក់។
ទី២៖ ការធ្វើនយោបាយដោយយកការរិះគន់ជាន់ពន្លិច មិនមែនជាការរិះគន់បែបស្ថាបនា។ ក្រុមអង្គការសង្គមស៊ីវិលចោទថា នេះជាការបណ្ដុះផ្នត់គំនិតអយុត្តិធម៌ចំពោះភាគីម្ខាង និងជាការបង្អាក់ការខិតខំអភិវឌ្ឍជាតិរបស់គណបក្សឈ្នះឆ្នោត។
ទី៣៖ នយោបាយបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដោយចោទប្រកាន់ថាក្បត់ លក់ក្បាល អាយ៉ង ចំពោះអ្នកទាំងឡាយណាដែលបានចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សកាន់អំណាច។
ទី៤៖ នយោបាយបំផ្លាញសន្តិភាព ដោយអំពាវនាវដល់ទាហាន ពលរដ្ឋ ឱ្យបះបោរប្រឆាំងរដ្ឋាភិបាល ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន។ អង្គការសង្គមស៊ីវិល បានចោទថានេះជាទង្វើអាក្រក់ បំផ្លាញសន្តិភាពជាតិ សុខុដុមរមនា ការរួមរស់ជាមួយគ្នារវាងខ្មែរនិងខ្មែរ។
ទី៥៖ នយោបាយមិនគោរពច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដោយបំពានច្បាប់ គ្រប់បែបយ៉ាងដើម្បីរិះគន់ភាគីម្ខាង។ សហភាពអង្គការសង្គមស៊ីវិលថ្លែងថាដើម្បីតែការចង់ឈ្នះ ពួកគេលែងគិតអំពីច្បាប់ទម្លាប់ ក្រមសីលធម៌ និងគុណធម៌របស់សង្គមជាតិ។
និងទី៦៖ នយោបាយមិនគិតអំពីប្រទេសជាតិ សេដ្ឋកិច្ចជាតិ និងសាមគ្គីប្រជាជាតិខ្មែរតែមួយ។ នយោបាយនេះ គឺការនិយាយអាក្រក់ តែអំពីប្រទេសរបស់ខ្លួនទៅកាន់បរទេស ដើម្បីតែប្រយោជន៍នយោបាយផ្ទាល់ខ្លួន។
ក្រុមយុវជនអង្គការសង្គមស៊ីវិល បានអំពាវនាវអ្នកដែលធ្លាប់គាំទ្រ សម រង្ស៉ី សូមមេត្តាគិតគូរឱ្យបានវែងឆ្ងាយ ចំពោះអនាគតជាតិ ហើយសូមបញ្ឈប់ការគាំទ្រ ចំពោះនយោបាយដ៏អាក្រក់ ជូរជាតិរបស់ សម រង្ស៊ី នេះ។