“ព្រះអគ្គិជ័យកីឡា” ដង្ហែមកដល់រាជធានីភ្នំពេញ (Video Inside)

“ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានដង្ហែមកដល់រាជធានីភ្នំពេញហើយ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែព័ទ្ធជុំវិញប្រទេសក្នុងអាស៊ាន និងប្រទេសទីម័រខាងកើត រយៈពេល៣៥ថ្ងៃ និងបានធ្វើដំណើរមកដល់ខេត្តស្ទឹងត្រែងរបស់កម្ពុជា កាលពីថ្ងៃទី២៧ មេសា។

ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម និងខេត្តកណ្តាល ចូលមកក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២៨ មេសានេះ។ ព្រះអគ្គិជ័យកីឡា នឹងបន្ដដង្ហែចេញពីរាជធានីភ្នំពេញ ព័ទ្ធជុំវិញបឹងទន្លេសាប ដោយឆ្លងកាត់ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ និងបន្តមកខេត្តកំពង់ចាម និងខេត្តកណ្តាល មុននឹងធ្វើដំណើរចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់យប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ដែលចំពេល នៃការប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញសង្គមអំពាវនាវដល់ពលរដ្ឋសូម «ចូលរួមគាំទ្រលើកទឹកចិត្ត អ្នកកីឡាជាតិ យើងឱ្យបានផុសផុល ជាមួយឥរិយាបទសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយ សីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះទាំងអស់គ្នា»។

កម្ពុជានៅសល់រយៈពេល៧ថ្ងៃទៀតនោះទេ នឹងឈានដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងរយៈកាល៦៤ឆ្នាំកន្លងមកនេះ។

ads banner