ប្រមុខ អ.ស.ប ពិភាក្សាជាមួយប្រមុខការទូតអាមេរិក ជុំវិញបញ្ហានៅស៊ូដង់ អាហ្វហ្គានីស្ថាន និងអ៊ុយក្រែន

វ៉ាស៊ីនតោន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានពិភាក្សាអំពីជម្លោះនៅស៊ូដង់, កិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិនៅអាហ្វហ្គានីស្ថាន និងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន នៅក្នុងជំនួបរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

អង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អំឡុងកិច្ចប្រជុំនៅឯក្រសួងការបរទេសអាមេរិក លោក ហ្គូទែរេស និងលោក ប្លីងគែន បានពិភាក្សាអំពីសារៈសំខាន់ដ៏សំខាន់នៃបទឈប់បាញ់ភ្លាមៗ និងការគោរពវាឱ្យបានពេញលេញនៅក្នុងប្រទេសស៊ូដង់ ជាទីដែលកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ាបានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងប្រទេសស៊ូដង់ ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក។

នាឱកាសនោះដែរ លោក ហ្គូទែរេស និងលោក ប្លីងគែន ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិនៅអាហ្វហ្គានីស្ថាន ដើម្បីគាំទ្រដល់សិទ្ធិស្ត្រី និងកុមារី ហើយនឹងប្រធានបទផ្សេងទៀតដែលភាគីទាំងពីរចាប់អារម្មណ៍ដូចគ្នា ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ។ ប្រមុខអង្គការសហប្រជាជាតិក៏បានលើកឡើងពីបញ្ហាមួយចំនួនជាមួយលោក ប្លីងគែន ទាក់ទងនឹងកិច្ចព្រមព្រៀងប្រទេសម្ចាស់ផ្ទះផងដែរ។

បន្ថែមលើនេះ អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភរបស់ខ្លួនជាផ្លូវការចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីលេចធ្លាយឯកសារ ដែលបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើចារកម្មលើលោក អាន់ថូនីញ៉ូ ហ្គូទែរេស តាមរយៈការលួចស្តាប់ការសន្ទនាតាមទូរស័ព្ទរបស់គាត់៕ ប្រភព៖ aa.com ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner