រុស្ស៊ី និងតួកគីព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីដល់ ១០០ពាន់លានដុល្លារ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា ប្រទេសរុស្ស៊ី និងតួកគី នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ជាពិសេសការពង្រីកពាណិជ្ជកម្មទ្វេភាគី។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានឱ្យដឹងថា ប្រាក់ចំណូលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (រុស្ស៊ី-តួកគី) ក្នុងឆ្នាំ២០២២ មានលើសពី៦២ពាន់លានដុល្លារ។ ជាងនេះទៅទៀត កាលពីឆ្នាំមុន តួកគី និងរុស្ស៊ីបានចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលរំពឹងថា នឹងនាំមកនូវចំណូលពាណិជ្ជកម្មទ្វេភាគីកើនដល់១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរក្នុងការដាក់បញ្ចូលរូបិយបណ្ណរបស់រុស្ស៊ីជារូបិយប័ណ្ណទូទាត់សម្រាប់ពាណិជ្ជកម្មទ្វេភាគី រួមទាំងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីផងដែរ។ ទិន្នន័យបានបង្ហាញថា កាលពីរដូវក្តៅមុន តួកគីបានក្លាយជាអ្នកនាំចេញកំពូលទាំង៥ទៅកាន់ប្រទេសរុស្ស៊ី។ ជាក់ស្តែងកាលពីឆ្នាំ២០២១ តួកគីបានឈរនៅចំណាត់ថ្នាក់ទី១១ ជាប្រទេសនាំចេញកំពូលទៅកាន់រុស្ស៊ី ដោយនាំមុខសហរដ្ឋអាមេរិក បារាំង ជប៉ុន ប៉ូឡូញ និងអ៊ីតាលី។

សេចក្តីថ្លែងការណ៍របស់លោក ពូទីន ខាងលើនេះ ធ្វើឡើងក្នុងពិធីប្រគល់ឥន្ធនៈនៅរោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu ក្នុងប្រទេសតួកគី។ នាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីតូកគី លោក តាយយីប អឺដូហ្គាន់ បានចូលរួមកម្មវិធីនេះពីចម្ងាយ តាមរយៈតំណភ្ជាប់វីដេអូអនឡាញ។ ប្រមុខរដ្ឋទាំងពីរក៏បានព្រមព្រៀងគ្នា ក្នុងការលើកទឹកចិត្តឱ្យមានបោះទុនវិនិយោគទៅវិញទៅមកបន្ថែមទៀត ក៏ដូចជាជួយធ្វើឱ្យអាជីវកម្មរុស្ស៊ី និងតួកគីចូលទៅក្នុងទីផ្សារប្រទេសទាំងពីរ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner