សម្ដេចតេជោ ហ៊ុន សែន ស្នើសុំកុំឱ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឱ្យរឿងបុគ្គល ក្លាយជាជម្លោះរវាងជាតិ និងជាតិ ប្រទេស និងប្រទេស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើសុំកុំឱ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឱ្យរឿងបុគ្គល ក្លាយជាជម្លោះរវាងជាតិនិងជាតិ ប្រទេសនិងប្រទេស ។ នេះបើតាមសំណេររបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងបណ្ដាញសង្គមតេលេក្រាម ក្រោយមានគណនេយ្យហ្វេសប៊ុកមួយចំនួន បង្ហោះសារវាយប្រហារទៅលើកីឡាករ ប៊ួ ខាវ ។

សំណេរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ កូនប្រុស ភាសារប្រមាថចំពោះភ្ញៀវមកប្រទេសយើង មិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។ បើទោះកីឡាករ ប៊ួ ខាវ មិនមក ឬមក យើងមិនត្រូវបង្កើតនូវការរើសអើង ឬស្អប់ខ្ពើមចំពោះគាត់ទេ ទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៍ដោយ ។

សម្ដេចបន្តថា កូនត្រូវមើលឲ្យឆ្ងាយជាង ប៊ួ ខាវ ព្រោះគាត់មកប្រទេសយើង តំណាងឲ្យប្រជាជនថៃជាង ៦០លាននាក់ ដែលបញ្ហានេះ វាក្លាយជាបញ្ហារវាងប្រទេស និងប្រទេស ដែលចាំបាច់ត្រូវមានមិត្តភាព និងសាមគ្គីភាពជាមួយគ្នា ។

សម្ដេចបញ្ជាក់ថា សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឲ្យរឿងបុគ្គល ក្លាយជាជម្លោះរវាងជាតិ និងជាតិ ប្រទេស និងប្រទេស។

សម្ដេចតេជោ សូមឱ្យរក្សាភាពថ្លៃថ្នូរក្នុងឋានៈជាម្ជាស់ផ្ទះ និងសូមប្រើប្រាស់ឱកាសនេះ កសាងមិត្តភាពជាមួយប្រទេសទាំងអស់ ដែលមកកាន់ប្រទេសយើង ដើម្បីចូលរួមប្រកួត ឬទស្សនាកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner