២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥ពាន់ ៦៨៣ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏មិនមានការឆ្លងថ្មីផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ពាន់ ៦៨៣ករណី ដែលជាតួលេខបន្តកើនឡើងថែមទៀតចំនួន ៩៧៧ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៩៥៨ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៥នោះ គឺប្រទសឡាវ ដែលមានអ្នកឆ្លងចំនួន ៥ករណី ។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, កម្ពុជា, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៧នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី។

គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៨៣ម៉ឺន ១៦៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៦៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៦ លានករណី, និងការស្លាប់មានជាង ៦លាន ៨៦ម៉ឺននាក់៕

ads banner