នាយករដ្ឋមន្រ្តីជប៉ុនរំពឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងវិស័យផ្សេងៗទៀត អំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង នាខែឧសភាខាងមុខ
តូក្យូ៖ មន្ត្រីរដ្ឋាភិបាលជប៉ុនបាននិងកំពុងរៀបចំដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលអាចនឹងកើតមានឡើងនាពាក់កណ្តាលខែឧសភាខាងមុខ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយុល។
ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា ទៅកាន់ប្រទេសកូរ៉េខាងត្បូងអាចនឹងកើតឡើងបន្ទាប់ពីលោក គីស៊ីដា បញ្ចប់ការបំពេញទស្សនកិច្ចនៅប្រទេសអាហ្វ្រិកចំនួន៤ ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។
ការរៀបចំកំពុងដំណើរការដើម្បីកំណត់ពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា នៅមុនពេលកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ធ្វើឡើងនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភាខាងមុខ។ បើតាមប្រភព លោក គីស៊ីដា សង្ឃឹមថា នឹងមានការកែលម្អបន្ថែមទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសផ្នែកការទូតរវាងមេដឹកនាំប្រទេសទាំងពីរ។
លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសន្តិសុខ និងវិស័យផ្សេងៗទៀត ខណៈដែលកូរ៉េខាងជើងកំពុងពន្លឿនការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
មេដឹកនាំជប៉ុនរូបនេះក៏ត្រូវបានគេរំពឹងផងដែរថា នឹងផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការសន្តិសុខសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប semiconductor កាន់តែរឹងមាំ ដូចដែលបានព្រមព្រៀងគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពីខែមីនាកន្លងទៅ។
កន្លងមក លោក គីស៊ីដា និងលោក យ៉ូន បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរនៅក្នុងទីក្រុងតូក្យូ កាលពីខែមីនា ដើម្បីបន្តដំណើរទស្សនកិច្ចទៅវិញទៅមកបែបនេះជាលើកដំបូងក្នុងរយៈពេលជាង១០ ឆ្នាំ។ កិច្ចព្រមព្រៀងនេះដែរ បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញសំណើដោះស្រាយបញ្ហាពលកម្មក្នុងសម័យសង្គ្រាម៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា