បោះជំរុំហ្វឹកហាត់នៅសៀមរាប៤ថ្ងៃបញ្ចប់ដោយជោគជ័យជាមួយនឹងក្តីសង្ឈឹមខ្ពស់ការប្រជែងដណ្តើមមេដាយនៅស៊ីហ្គេម
ខេត្តសៀមរាប ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងបញ្ជាក់ នៅក្នុងសន្និសិទសារព័ត៌មាន បញ្ចប់កម្មវិធីបោះជំរុំហ្វឹកហាត់ត្រៀមស៊ីហ្គេមរបស់អត្តពលិកជម្រើសជាតិកីឡាវាយកូនបាល់ដែលធ្វើឡើងនៅទីរួមខេត្តសៀមរាប កាលពីថ្ងៃម្សិលមិញនេះថា កម្មវិធីបោះជរុំហ្វឹកហាត់រយៈពេល៤ថ្ងៃនេះ សម្រាប់លទ្ធផលដែលទទួលបានគឺល្អបំផុត ដោយអត្តពលិកជម្រើសជាតិទាំងអស់មានការខិតខំប្រែងប្រែងហ្វឹកហាត់និងមានសិទ្ធិផលរីកចម្រើនគួឲ្យកត់សម្គាល់ដែលធ្វើឲ្យពិបាកក្នុងសម្រេចចិត្តជម្រុះកីឡាករចេញមួយរូប ខណៈក្នុងស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះសម្រាប់កម្ពុជាដាក់បានតែកីឡាករ៥រូបចូលរួមប៉ុណ្ណោះ ដ្បិតការបោះជំរុំយើងមានកីឡាករ៦ តែយ៉ាងណាយើងត្រូវតែមានការសម្រេចចិត្តជម្រុះមួយរូប។
លោក អគ្គលេខាធិការ បញ្ជាក់ថា មូលហេតុដែល លោក ដឹកនាំក្រុមជម្រើសជាតិមកបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបនេះ ព្រោះលោកចង់ឲ្យកីឡាករកីឡាការិនីមានអារម្មណ៍រីករាយនិងស្រស់ស្រាយ ពិសេសចង់ឱ្យពួកកីឡាករទាំងអស់មើលឃើញពីភាពអស្ចារ្យរបស់អង្គរវត្តដែលជាមោទកភាពកម្ពុជា ដើម្បីជាការដាស់តឿនស្មារតីដល់ពួកគាត់ឲ្យប្រកួតដោយភាពក្លាយហានអង់អាចដណ្តើមមេដាយឲ្យបានជូនកម្ពុជា នាំមកនូវមោទកភាពជូនប្រទេសជាតិ សហព័ន្ធ ក្រុមគ្រួសារ និងខ្លួនឯង។
លោក អគ្គលេខាធិការ បានអះអាងថា ស៊ីហ្គេម ឆ្នាំ២០២៣នេះ ការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា គឺធ្វើបានយ៉ាងល្អ ព្រោះយើងទទួលបានការទំនុកបំរ៉ុងយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម ឆ្នាំ២០២៣ទាំងហ្វឹកហាត់នៅក្នុងស្រុក និងការបញ្ជូលកីឡាករចេញទៅប្រកួតពង្រឹងសមត្ថភាពនៅក្រៅប្រទេស។ តាមរយៈសកម្មភាពយកចិត្តទុកដាក់ទំនុកបំរ៉ុងគ្រប់សកម្មភាពពីរាជរដ្ឋាភិបាលទាំងអស់នេះហើយ ទើបបង្កលក្ខណៈឲ្យអត្តពលិកយើងបានត្រៀមខ្លួនគ្រប់គ្រាន់ នឹងមានសង្ឈឹមខ្ពស់សម្រាប់ការប្រជែងដណ្តើមមេដាយឲ្យបានជូនជាតិក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។ អគ្គលេខាធិការខាងលើ បានដាក់គោលដៅថា ស៊ីហ្គេម លើកទី៣២ នឹងដណ្តើមមេដាយជូនជាតិក្នុងកម្រិតណាមួយយ៉ាងតិច២គ្រឿងសម្រាប់កម្ពុជា។
កីឡាករកីឡាការិនីជម្រើសជាតិដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំហ្វឹកហាត់ទាំងអស់សុទ្ធតែបានបង្ហាញជំនឿចិត្តខ្ពស់ទាំងអស់គ្នាសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ នឹងប្រឹងប្រកួតឲ្យអស់ពីលទ្ធភាពប្រជែងដណ្តើមមេដាយឲ្យបានជូនកម្ពុជានាំមកនូវតេត្យានុភាពនិងមោទកៈសម្រាប់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលចាប់ដំណើរការប្រកួតចាប់ពីថ្ងៃទី៦ ខែឧសភា ខាងមុខនេះ មានប្រទេសចូលរួមប្រកួតប្រជែងចំនួន៩ប្រទេសក្នុងតបន់អាស៊ានមានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី ឡាវ ហ្វីលីពិន ឥណ្តូនេស៊ី ម៉ីយ៉ាន់ម៉ា សង្ហបុរី និងកម្ពុជាម្ចាស់ផ្ទះ ខណៈដែលកម្ពុជាត្រូវបានគណៈកម្មការអនុញ្ញាតឲ្យកីឡាករ៥រូប និងកីឡាការិនី៥រូបចូលរួមប្រកួតប្រជែង ។ សម្រាប់កីឡាវាយកូនបាល់កម្ពុជា ចាប់តាំងពីចូលរួមស៊ីហ្គេមពីឆ្នាំ២០០៧មក ដណ្តើមបានមេដាយសំរិទ្ធសរុបបាន ៦គ្រឿងគិតត្រឹមឆ្នាំ២០២២ ៕ អត្ថបទៈ ជាវ ចន្ធូ និង ស៊ាន សុផាត






