រដ្ឋមន្រ្តីព័ត៌មាន ស្នើដល់អ្នកព័ត៌មានគោរពឱ្យបានចំពោះបទបញ្ញត្តិនិងច្បាប់នានាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ    បានស្នើដល់ក្រុមអ្នកសារព័ត៌មានដែលចូលរួមផ្តិតរូប និង យកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ត្រូវគោរពឱ្យបានចំពោះបទបញ្ញត្តិ និងច្បាប់នានាដែលត្រូវបានអនុម័តដោយសហគមន៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។

ក្នុងសន្និសីទសារព័ត៌មានប្រកាសដាក់ឱ្យដំណើការមជ្ឈមណ្ឌលព័ត៌មាននៃព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេមនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ថ្លែងថា ការគោរពបទបញ្ញត្តិ និងច្បាប់នៅពេលចូលយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ពិតជាមានសារៈសំខាន់  ព្រោះជារូបភាពដ៏ល្អមួយនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ឯកឧបន្តថា ៖«ការចូលរួមផ្តិតរូបភាព និងយកព័ត៌មានពីព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យព្រឹត្តិការណ៍កីឡានេះផ្ទុះឡើង និងបង្ហាញនូវមោទនកភាពរបស់ប្រទេសកម្ពុជាទាំងមូល ។ ដូច្នេះ បើមិនមានការចូលរួមផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មានទេនឹងបាត់បង់អស់ ៥០ភាគរយនៃភាពជោគជ័យ»។

ជាមួយគ្នានេះឯកឧត្តមបានក៏បានស្នើ ឱ្យក្រុមអ្នកសារព័ត៌មានទាំងអស់ត្រូវមកទាក់ទងមកមជ្ឈមណ្ឌលព័ត៌មាន នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមដែលអាចកើតមានកើតមានឡើងក្នុងពេលចុះទៅថតរូប ឬយកព័ត៌មាន។

បើតាមឯកឧត្តម ខៀវ កាញារីទ្ធ  រាល់ការស្នាក់នៅ និងម្ហូបអាហារ ព្រមទាំងការផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ត្រូវបានផ្តល់ជូនដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ មកពីបណ្តាប្រទេសនៅក្នុង ក្នុងតំបន់អាស៊ាន និងពិភពលោកដោយមិនគិតថ្លៃនោះទេ។

លោកស្រី ញៀន ទយយ៉ុកហោ ទីប្រឹក្សាយោបល់ផ្នែកព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) និងជាអ្នកជំនាញការព័ត៌មានអូឡាំពិកប្រចាំអាស៊ី ថ្លែងឱ្យដឹងដែរថា ក្នុងការចូលយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ មានបទបញ្ញត្តិមួយចំនួន សម្រាប់អ្នកសារព័ត៌មានផងដែរ។ ក្នុងនោះ អ្នកព័ត៌មានត្រូវតែផ្តល់នូវបរិយាកាសមួយឱ្យសមស្របតាមស្តង់ដារស៊ីហ្គេម។

លោកស្រីបន្តថា  មួយវិញទៀត  អ្នកសារព័ត៌មានត្រូវតែអនុវត្ត ឱ្យខានតែបាននូវ មាត្រា ទី៥៣ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងត្រូវអនុលោមតាមបទបញ្ញត្តិ ដែលមានជាធរមាននៅកម្ពុជា  និងអនុវត្តទៅតាមសៀភៅមគ្គុទេសមាគ៌ារបស់គណៈកម្មការជាតិ  CAMSOC ។

ឯកឧត្តម ផុស សុវណ្ណ ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២  (CAMSOC) ឱ្យដឹងដែរថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នេះ  គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២  (CAMSOC) បានផ្តល់បណ្ណជូនដល់អ្នកសារព័ត៌មានចំនួន ២.០៩៥ នាក់ ក្នុងនោះមានអ្នកសារព័ត៌មានជាតិចំនួន  ១.១៨៨នាក់ និង បរទេស ៩០៧ នាក់ ៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner