ទិន្នផលឧស្សាហកម្មរបស់ប្រទេសថៃ ធ្លាក់ចុះក្នុងខែមីនា ឆ្នាំ២០២៣

បាងកក៖ ទិន្នន័យរបស់ក្រសួងឧស្សាហកម្មថៃបានបង្ហាញថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះក្នុងរយៈពេល៦ខែជាប់គ្នា គិតមកទល់ខែមីនាកន្លងមកនេះ ដោយសារតម្រូវការសកលអន់ខ្សោយបានរារាំងការនាំចេញ។

ក្រសួងឧស្សាហកម្មថៃបានឱ្យដឹងថា សន្ទស្សន៍ផលិតកម្មតាមរោងចក្ររបស់ប្រទេសថៃ (MPI) បានធ្លាក់ចុះ៤.៥៦ភាគរយនៅក្នុងខែមីនាឆ្នាំនេះ។ តួលេខធ្លាក់ចុះកាលពីខែមីនា បានកើតមានឡើងបន្ទាប់ពីការធ្លាក់ចុះ២.៣៨ភាគរយកាលពីខែមករា និងធ្លាក់ចុះ៤.៨១ភាគរយកាលពីខែកុម្ភៈ។

ក្រសួងឧស្សាហកម្មថៃបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ត្រីមាសទីមួយឆ្នាំ២០២៣ សន្ទស្សន៍នេះបានធ្លាក់ចុះ៣.៩៤ភាគរយ បើធៀបនឹងឆ្នាំមុន។ តួលេខខាងលើនេះត្រូវបានបង្ហាញបន្ទាប់ពីទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញពីការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន បានធ្លាក់ចុះក្នុងរយៈពេល៦ខែជាប់ៗគ្នានៅក្នុងខែមីនាឆ្នាំនេះ។

អគ្គនាយកការិយាល័យសេដ្ឋកិច្ចឧស្សាហកម្ម នៃក្រសួងឧស្សាហកម្មថៃ លោក វ៉ូរ៉ាវ៉ាន់ ឈីតារូន បានប្រាប់សន្និសីទសារព័ត៌មានមួយថា បើទោះបីជាមានការថយចុះផ្នែកគ្រឿងសង្ហារិម និងការផលិតបន្ទះប្លាស្ទិកក៏ដោយ ការផលិតម៉ាស៊ីនត្រជាក់បានកើនឡើង៧.០៩ភាគរយកាលពីខែមីនាឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៨ឆ្នាំ ដោយសារតម្រូវការពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

លោកថា ក្រសួងរំពឹងថា ទិន្នផលឧស្សាហកម្មនឹងមានភាពប្រសើរឡើងនៅក្នុងខែមេសាឆ្នាំនេះ ដែលជំរុញដោយតម្រូវការក្នុងស្រុក បន្ទាប់ពីវិស័យទេសចរណ៍បានងើបឡើងវិញ ខណៈមានការពង្រីកនៃការវិនិយោគ និងវិស័យសំណង់ជួយដល់ផលិតកម្មតាមរោងចក្រ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner