ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យស្ថានីយ៍ច្រោះសំអាតទឹកកាកសំណល់ ខេត្តព្រះសីហនុ
ព្រះសីហនុ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ។
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល អនុវត្តដោយក្រុមហ៊ុន Xwater Technology បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញញា ឆ្នាំ២០២១ គ្រោងសាងសង់រយៈពេល ២២ខែ ដោយនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកប្រាក់ប្រមាណ ២០លានដុល្លារ។
ខេត្តព្រះសីហនុ មានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំង។ ក្នុងនោះមាន ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២កន្លែងដែលសាងសង់រួច និងកំពុងដំណើរការប្រើប្រាស់ បច្ចេកវិទ្យា MABR (Membrane Aerobic Biological Reactor) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ ប្រទេសអ៊ីស្រាអែល មានលទ្ធភាពកម្ចាត់ពពួកបាក់តេរី និងដកយកនូវសារធាតុ BOD, COD, អាម៉ូញាក់ (NH3-N),នីត្រាត (NO3-N), ផូស្វរ(P) និងសារធាតុពុលផ្សេងទៀត ហើយត្រូវបានទទួលស្គាល់ថាជា បច្ចេកវិទ្យាមានស្ថិរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់ អ្នកជិតខាង។ ស្ថានីយទី១ មានសមត្ថភាពចម្រុះទឹកកខ្វក់ ៥ ២០០ ម៉ែត្រគូបក្នុង ១ ថ្ងៃ និងស្ថានីយទី២ មានសមត្ថភាពចគ្រោះទឹកកខ្វក់ ៧ ២០០ ម៉ែត្រគូបក្នុង ១ ថ្ងៃ។ បច្ចុប្បន្ន គម្រោងកំពុងស្ថាបនាស្ថានីយទី ៣ ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ ២០ ០០០ ម៉ែត្រគូបក្នុង១ ថ្ងៃ។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យប្រព័ន្ធរំដោះទឹកកខ្វក់ដែលបានសាងសង់រួចនៅខេត្តព្រះសីហនុ ។ ក្នុងឱកាសនេះ សម្តេចតេជោ បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាលមានគោលបំណងកែប្រែឲ្យក្លាយជាខេត្តពហុបំណង ដែលចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផ្លូវ ប្រព័ន្ធរំដោះទឹកកខ្វក់ ជាដើម។
សម្តេច បញ្ជាក់ថា បើមិនធ្វើប្រព័ន្ធរំដោះទឹកកខ្វក់ទេ ក៏មិនអាចធ្វើឲ្យខេត្តនេះមានបរិស្ថានល្អដែរ។ សម្រាប់ជំហានដំបូង រាជរដ្ឋាភិបាល បានផ្តល់នូវថវិកាដោយផ្ទាល់ ដែលនិយាយថា ជាបាតដៃខ្មែរសុទ្ធសាធ ទាំងការធ្វើផ្លូវ និងប្រព័ន្ធរំដោះទឹកស្អុយនេះ។ ចំពោះប្រព័ន្ធរំដោះទឹកស្អុយនេះ រាជរដ្ឋាភិបាល បានសាងសង់៣កន្លែង ដោយស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈមួយកន្លែងទៀត ក្រោយពេលសាងសង់រួច អាចមានសមត្ថភាពជាង ២ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា បញ្ហាបរិស្ថាន ក្លាយទៅជាបញ្ហាសំខាន់របស់ជាតិយើង ហើយក៏ជារបស់ពិភពលោកផងដែរ ដូច្នេះយើងត្រូវហ៊ានចំណាយទុន ដើម្បីរក្សានូវបរិស្ថានរួម សម្រាប់ទីក្រុងរបស់យើងនេះ។ សម្តេចថា អ្នកមកលេង និងងូតទឹកក្នុងខេត្តព្រះសីហនុ មិនរងនូវហានិភ័យទាក់ទងនឹងការកើតរមាស់ ឬធំក្លិនស្អុយក្នុងសមុទ្រនោះទេ។ ការដែលរាជរដ្ឋាភិបាល ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ គឺសម្រាប់មនុស្ស ក្នុងបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយផងដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ ក្រុមការងារទូរទស្សន៍អប្សរា