សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់ ២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃឱ្យបានស្អាត មុននឹងបង្ហូរចេញទៅក្រៅ

ព្រះសីហនុ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) មានសមត្ថភាពចម្រោះទឹកកខ្វក់ ២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃឱ្យបានស្អាត មុននឹងបង្ហូរចេញទៅក្រៅ ឬចូលទៅក្នុងសមុទ្រ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈស្ថានីយ៍នេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ស្ថាប័ត្យករសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ឯកឧត្តម លី រស្មី ដែលជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ សាងសង់ឡើងដោយប្រើបច្ចេកវិទ្យាចុងក្រោយ MABR (membrane aerated biofilm reactor) មានសមត្ថភាពខ្ពស់ក្នុងការដកសមាសធាតុពុល COD, BOD, TN, TP បានលឿនដោយប្រើរយៈពេលតែ ២០ម៉ោងប៉ុណ្ណោះ។ ធៀបនឹងបច្ចេកវិទ្យាមុនៗ គឺប្រើពេលរហូតដល់ទៅ២០ថ្ងៃ ហើយបើធៀបនឹងអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ចំនួន២ ដែលដាក់ឱ្យដំណើរការរយៈពេលពីរឆ្នាំកន្លងទៅ បង្ហាញថា បច្ចេកវិទ្យា MABR ដំណើរការប្រកបដោយប្រសិទ្ធខ្ពស់ គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ លទ្ធផលមានស្ថិរភាព និងសន្សំសំចៃថាមពល។

បើតាមស្ថាប័ត្យកររូបនេះ, ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ ដោយទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២,៦៩០ហិកតា ។ ស្ថានីយ៍នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ និងសម្រេចការស្ថាបនាសរុប ៨៩% នៃការងារទាំងមូល ដោយឧបករណ៍សំខាន់ និងជំនួយទាំងអស់ បានមកដល់ឃ្លាំង ១០០%, ការងារសំណង់សម្រេច បាន ៨៩%, ការងារមេកានិចសម្រេចជាភាគរយសរុបបាន ៧០%, និងការងារអគ្គិសនីសម្រេចជាភាគរយសរុបបាន ៥០% ហើយគ្រោងសម្រេច ១០០% នៅចុងខែមិថុនាឆ្នាំ២០២៣ ហើយទឹកកខ្វក់នេះ នឹងត្រូវបានសម្អាត ពុំមានប៉ះពាល់ដល់ជីវៈចំរុះ និងឆ្នេរសមុទ្រទៀតឡើយ។

ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ ខេត្តព្រះសីហនុ មានស្ថានីយបូមទឹកកខ្វក់ ៧ទីតាំង ក្នុងនោះមាន ៤ទីតាំងស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្រុងព្រះសីហនុ។

សូមរំលឹកថា ក្នុងពេលចុះពិនិត្យប្រព័ន្ធរំដោះទឹកកខ្វក់ដែលបានសាងសង់រួចនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាល មានគោលបំណងកែប្រែឲ្យក្លាយជាខេត្តពហុបំណង ដែលចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផ្លូវ ប្រព័ន្ធរំដោះទឹកកខ្វក់ ជាដើម។ សម្តេច បញ្ជាក់ថា បើមិនធ្វើប្រព័ន្ធរំដោះទឹកកខ្វក់ទេ ក៏មិនអាចធ្វើឲ្យខេត្តនេះមានបរិស្ថានល្អដែរ។ សម្តេច ថា បញ្ហាបរិស្ថាន ក្លាយទៅជាបញ្ហាសំខាន់របស់ជាតិយើង ហើយក៏ជារបស់ពិភពលោកផងដែរ ដូច្នេះយើងត្រូវហ៊ានចំណាយទុន ដើម្បីរក្សានូវបរិស្ថានរួម សម្រាប់ទីក្រុងរបស់យើងនេះ។ ការដែលរាជរដ្ឋាភិបាល ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ គឺសម្រាប់មនុស្ស ក្នុងបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយផងដែរ ។

ដោយឡែកថ្លែងក្នុងសន្និសីទសារព័ត៌មានដល់អ្នកសារព័ត៌មាននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលសហការ និងរៀបចំឡើងដោយក្រសួងទេសចរណ៍ ក្លឹបអ្នកកាសែតកម្ពុជា រដ្ឋបាខេត្តព្រះសីហនុ កំពង់ផែស្វ័យត្នក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា តាមរយៈគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨ បានលើកទឹកចិត្តគ្រប់វិស័យទាំងអស់ ដើម្បីស្តាសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ១៩ រួមមាន៖ ទេសចរណ៍ ឧស្សាហកម្ម ថាមពលវារីអគ្គីសនី និងអចលនទ្រព្យជាដើម ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចចូលរួមផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ ខណៈវិស័យសំខាន់ៗដែលកំពុងរីកលូតលាស់ឡើងវិញជាបណ្តើរៗ មានដូចជា៖ វិស័យទេសចរណ៍, ឧស្សាហកម្ម ដែលវិស័យនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានរហូតទៅ ១១កន្លែង ខណៈការអនុវត្តជាក់ស្តែងមានចំនួន ៤កន្លែង ដោយបានផ្តល់ការងារជាង ៣ម៉ឺនកន្លែង ។

សូមបញ្ជាក់ដែរថា កម្ពុជាមានចក្ខុវិស័យដល់ឆ្នាំ២០៣៨ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គល តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត, ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក, មជ្ឈមណ្ឌលកំណើនជាតិ, មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ, ច្រកចេញចូលអន្តរជាតិ, មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក, មជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថាន រស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ»។ បន្ថែមពីលើរាជរដ្ឋាភិបាល មានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រកដោយចីរភាព ជីវភាព សុខភាព និងសុភមង្គល ព្រមទាំងមានភាពទាក់ទាញ និងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្រាប់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង និងការរក្សានូវបរិស្ថានរួមសម្រាប់ទីក្រុង ក្នុងខេត្តព្រះសីហនុ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈការចំណាយថវិការដ្ឋ និងធនធានក្នុងប្រទេស ប្រែក្លាយខេត្ដនេះ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដ៏សំខាន់ ។ ការកសាងសមិទ្ធផលទាំងនេះ ជាមោទនភាពរបស់ជាតិខ្មែរ ដែលយើងខិតខំតស៊ូងើបឡើងពីគំនរផេះផង់ រហូតកសាងទីក្រុងគ្មានមនុស្សរស់នៅ និងទៅជាទីក្រុងដ៏ទំនើប ជាពិសេស ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការអភិវឌ្ឍក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២ប្រចាំប្រទេស ជាមួយនឹងការប្រែក្លាយខ្លួនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ និងការកម្សាន្ត ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មភស្តុភាកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ ក្រុមការងារទូរទស្សន៍អប្សរា

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner