ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំឪ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា
ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានៅតាមបណ្ដា ឃុំទាំង៧ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងពីការសម្រេចបានសមិទ្ធផលជាច្រើន របស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាល រួមមានការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមបានល្អ ថែរក្សាបានម៉ាក្រុសេដ្ឋកិច្ច ការគ្រប់គ្រងបានលើជំងឺកូវីដ១៩ បានជោគជ័យ តាមយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង ដូចអភិក្រមផ្ការីក ឈានទៅបើកសេដ្ឋកិច្ច និងដំណើរការប្រទេសឡើងវិញដោយភាពជឿជាក់និងឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ បន្តបន្ទាប់មកទៀត កម្ពុជាក៏បានបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន បានទទួលជោគជ័យ នៅក្នុងពេលពិភពបានកំពុងជួបវិបត្តិស្មុគ្រស្មាញ នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងវិត្តនៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។ កម្ពុជាបានចេញនូវសេចក្តីប្រកាសរួម និងឯកសារជាច្រើនលើសពីការរំពឹងទុក និងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅតាមសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ទទួលបានកោតសរសើរនិងគាំទ្រពីអន្តរជាតិ។

លើសពីនេះទៀត កម្ពុជាក៏កំពុងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២។ សមិទ្ធផលទាំងអស់នេះ កើតចេញពីការយកចិត្តទុកដាក់ និងភាពឈ្លាសវៃនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម បានជំរុញឲ្យអាជ្ញាធរខិតខំពង្រឹងការអនុវត្តច្បាប់ ឱ្យបានម៉ឹងម៉ាត់ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឲ្យមានចលាចលក្នុងសង្គម និងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញការផ្សព្វផ្សាយស្តីពីវិធានការ ពង្រឹងបម្រើសេវាសាធារណៈឱ្យកាន់ប្រសិទ្ធភាពថែមទៀត។
ឯកឧត្តម អ៊ាង សុផល្លែត បានដាក់ចេញផែនការសកម្មភាពជាជំហានៗឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣នេះ ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការជាមួយថ្នាក់មូលដ្ឋានថ្នាក់ បានខិតខំប្រឹងប្រែងបំពេញបានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះ បានចំណាយទាំងកម្លាំងកាយ-ចិត្ត ពេលវេលា ជាពិសេសមធ្យោបាយ ធនធានផ្ទាល់ខ្លួន ដើម្បីជាក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ៕ ដោយ / គ្រី សម្បត្តិ