ប្រធានាធិបតីអ៊ីរ៉ង់រិះគន់វត្តមានកងទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា
តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី បានរិះគន់វត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលគាត់ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីអ៊ីរ៉ាក់ លោក អាប់ឌុល ឡាទីសហ្វ រ៉ាហ្ស៊ីដ សម្រាប់កិច្ចពិភាក្សាដ៏ទូលំទូលាយមួយ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលជាសត្រូវចាស់រាប់ទសវត្សរ៍មកនោះ បានប្រជែងគ្នាដណ្តើមឥទ្ធិពលនៅអ៊ីរ៉ាក់ ចាប់តាំងពីការឈ្លានពានដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣ បានផ្តួលរំលំមេដឹកនាំផ្តាច់ការអ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន។
ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី បានប្រាប់អ្នកយកព័ត៌មានអំឡុងសន្និសិទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ីរ៉ាក់ លោក អាប់ឌុល ឡាទីសហ្វ រ៉ាហ្ស៊ីដ ថា យើងមិនចាត់ទុកវត្តមានកងកម្លាំងបរទេស និងជនបរទេសក្នុងតំបន់ថា មានប្រយោជន៍នោះទេ។
លោក រ៉ៃស៊ី បានចោទប្រកាន់ថា វត្តមានរបស់កងទ័ពអាមេរិកបានរំខានដល់សន្តិសុខក្នុងតំបន់ ហើយថា ទំនាក់ទំនងរបស់យើងជាមួយអ៊ីរ៉ាក់ គឺផ្អែកលើផលប្រយោជន៍រួម និងថា ជនជាតិអាមេរិកគិតអំពីផលប្រយោជន៍របស់ពួកគេជាអាទិភាព មិនមែនជាផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់នោះទេ។
ជាមួយគ្នានេះ លោក រ៉ៃស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ក្នុងវិស័យសន្តិសុខ និងបញ្ហាផ្សេងៗទៀត ហើយថា ទំនាក់ទំនងរវាងអ៊ីរ៉ង់-អ៊ីរ៉ាក់នឹងបន្តនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងវារីអគ្គិសនី។ លោកថា ការយល់ដឹងអំពីសន្តិសុខត្រូវបានបង្កើតឡើងរវាងប្រទេសទាំងពីរ ហើយសន្តិសុខ និងព្រំដែនរបស់ប្រទេសអ៊ីរ៉ាក់មានសារៈសំខាន់ណាស់សម្រាប់ពួកយើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា