កម្ពុជាសម្រេចនាំចេញកង់បានតម្លៃជាង ២៧៨ លានដុល្លារនៅត្រីមាសទី១ ឆ្នាំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជានាំចេញកង់ទៅទីផ្សារក្រៅប្រទេសសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២៧៨លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ ។ចំនួននេះមានការកើនឡើងជិត២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

យោងតាមស្ថិតិនាំចេញ នាចូល កង់របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងឆ្នាំរយៈពេលបីខែ ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២៣ ការនាំចេញកង់របស់កម្ពុជា ទៅកាន់ទីផ្សារបរទេស មានតម្លៃទឹកប្រាក់ ២៧៨ លានដុល្លារកើនឡើង១៩,៥៩ភាគរយ ខណៈការចេញនាំចេញក្នុងឆ្នាំ២០២២ មានទឹកប្រាក់ជាង២៣២លានដុល្លារ។ ទីផ្សារសំខាន់ៗដែលបាននាំកង់ចេញទៅរួមមាន អាមេរិក អាល្លឺម៉ង់ ប៊ែលហ្សិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជា នាំចូលកង់មកវិញពី ជប៉ុន ចិន វៀតណាម ថៃនិងអាមេរិក។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងនាពេលកន្លងទៅថ្មីៗនេះថា ដោយសារកំណើននៃការនាំចេញរបស់កម្ពុជានៅតែបន្តកើនឡើង ទើបមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកាលពីពាក់កណ្តាលឆ្នាំ២០២២ បានជួបពិភាក្សាជាមួយខាងវៀតណាម ដើម្បីធ្វើយ៉ាងឱ្យវៀតណាមបន្ដផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ការផលិតកង់នាំចេញទៅទីផ្សារសហគមន៍អឺរ៉ុប និងអាមេរិក ប្រកបដោយនិរន្តភាព និងមិនខុសគោលការណ៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមជាមួយសហគមន៍អឺរ៉ុប។ឯកឧត្តមបន្តថាបច្ចុប្បន្ន កម្ពុជាមិនទាន់មានការខ្វះខាតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផលិតកង់នៅឡើយទេ ប៉ុន្តែការចចារបើកជាមួយវៀតណាមនេះ ដើម្បីធ្វើយ៉ាងឱ្យការផ្គត់ផ្គង់ផលិតផលទាំងនោះ ពីខាងវៀតណាម មាននិរន្តភាព។

បើតាមក្រសួងពាណិជ្ជកម្ម វត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផលិតកង់ កម្ពុជាបាននាំចូលប្រទេសវៀតណាម ក្នុងបរិមាណសមល្មម ដោយមិនអាចនាំចូលមកច្រើនពេកទេ ព្រោះអាចខុសនឹងលក្ខខណ្ឌដែលបានកំណត់។ ក្រសួងក៏រំពឹងដែរថា នាថ្ងៃខាងមុខ នៅពេលការនាំចេញកង់មានការកើនឡើង អាចជំរុញឱ្យអ្នកវិនិយោគចាប់អារម្មណ៍លើការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច នៅកម្ពុជា ដែលនឹងកាត់បន្ថយការនាំចូលបានខ្លះដែរ។

លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែមេសាថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញកង់មានកំណើនគួរឱ្យកត់សម្គាល់ ដោយកំណើននេះ បានរួមចំណែកយ៉ាងច្រើនក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា តាំងពីឆ្នាំ២០១៩មក។

ចំពោះការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកង់រវាងកម្ពុជា និងវៀតណាមនេះដែរ លោកបានលើកឡើងថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការផ្សេងៗ ក្នុងឋានៈជាប្រទេសក្នុងតំបន់អាស៊ានដូចគ្នា និងក្នុងក្របខណ្ឌមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាមនឹងមានអាចកាត់បន្ថយ ឬបញ្ឈប់ការផ្គត់ផ្គង់មកកម្ពុជាបានទេ។ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាមិនអាចពឹងផ្អែកលើគេទាំងស្រុងបាននោះទេ។

លោកបានប្រាប់ថា ៖ «បើសិនជាយើងមើលឃើញថា មានបញ្ហាប្រឈមថានឹងអាចកើតមាន យើងគួរពិចារណាជាមួយស្ថាប័ន ក្នុងការសហការជាមួយរោងចក្រផលិតកង់នៅក្នុងស្រុក ដោយធ្វើយ៉ាងណាបង្កើតរោងចក្រផ្គត់ផ្គង់គ្រឿងបង្គុំកង់ ឬវត្ថុធាតុដើម ដែលចាំបាច់ ឬសំឡឹងមើលទីផ្សារផ្សេងទៀត ចិន ឬជប៉ុនជាដើម ដើម្បីបង្ការកុំឱ្យមានបញ្ហា»។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា គិតត្រឹមឆ្នាំ២០២២នេះ កម្ពុជាមានរោងចក្រ និងសហគ្រាសផលិតកង់ចំនួនប្រាំ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្វាយរៀង៕ ដោយ៖ វណ្ណ សុជាតា

ads banner