អាមេរិកចោទប្រកាន់ឆ្មាំសមុទ្រចិន ថាយាយីកប៉ាល់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ទី ២៩ ខែមេសា បានអំពាវនាវឱ្យចិនបញ្ឈប់ការយាយីកប៉ាល់ហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង ។
ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ថា៖ «យើងសូមអំពាវនាវដល់ទីក្រុងប៉េកាំង ឱ្យបញ្ឈប់ទង្វើដែលបង្កហេតុ និងគ្មានសុវត្ថិភាពរបស់ខ្លួន»។ ក្រសួងបន្តថា ទីក្រុងវ៉ាស៊ីនតោន «ឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង ក្នុងការរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រអន្តរជាតិដោយផ្អែកលើច្បាប់»។
គួរបញ្ជាក់ថា ការអះអាងរបស់អាមេរិកធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសហ្វីលីពីន បានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្ររបស់ចិនធ្វើសកម្មភាពគឃ្លើនក្នុងសមុទ្រចិនខាងត្បូង ជុំវិញករណីឆ្មាំសមុទ្រចិនស្ទាក់ចាប់កប៉ាល់របស់ឆ្មាំសមុទ្រហ្វីលីពីនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅកោះរាងរង្វង់ Second Thomas Shoal ដែលហ្វីលីពីនគ្រប់គ្រង។
ចំណែកក្រសួងការបរទេសចិនកាលពីថ្ងៃសុក្របានលើកឡើងថា កប៉ាល់ហ្វីលីពីនបានឈ្លានពានចូលទៅក្នុងដែនទឹករបស់ចិន ហើយបានធ្វើចលនាបង្កហេតុដោយចេតនា។
គួរកត់សម្គាល់ថា ការប៉ះទង្គិចគ្នារវាងឆ្មាំសមុទ្រហ្វីលីពីន និងចិន ដែលទាមទារសមុទ្រចិនខាងត្បូងថាជាកម្មសិទ្ធិរបស់ខ្លួនទាំងស្រុងនោះ តែងតែកើតមានជារឿយៗ។
កាលពីខែកុម្ភៈ ហ្វីលីពីន ដែលពង្រឹកកិច្ចសហការយោធាក្នុងតំបន់ជាមួយអាមេរិកកាន់តែខ្លាំង បានចោទប្រកាន់ចិន ថាបានរារាំងកប៉ាល់របស់ខ្លួនពីការដឹកជញ្ជូនគ្រឿងផ្គង់ផ្គង់ផ្សេងៗទៅកាន់កោះ Second Thomas Shoal ដោយបានបាញ់ «ពន្លឺឡាស៊ែរកម្រិតយោធា» ដាក់ឆ្មាំឆ្នេរសមុទ្រ ដែលវាជាសកម្មភាពយោធាដ៏គ្រោះថ្នាក់ និងរំលោភបំពានលើសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីន។ មិនខុសពីការច្រានចោលនាពេលនេះដែរ ចិនដែលបង្កើនសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង បានអះអាងនាពេលនោះថា ហ្វីលីពីនបានរំលោភលើដែនទឹករបស់ខ្លួន៕ ប្រែសម្រួល៖ ហួន ឌីណា