រុស្ស៊ីអះអាងពីការវាយប្រហារដោយដ្រូន ដែលធ្វើឱ្យឆេះកន្លែងស្ដុកប្រេងនៅគ្រីមៀ
មូស្គូ៖ រុស្ស៊ីបានអះអាងកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារដោយដ្រូនលើកន្លែងស្ដុកប្រេងនៅទីក្រុងកំពង់ផែ Sevastopol ក្នុងតំបន់គ្រីមៀ បង្កឱ្យមានអគ្គិភ័យឆាបឆេះ និងមានផ្សែងហ៊ុយទ្រលោមឡើងកប់ពពក មុនពេលអគ្គិភ័យត្រូវបានពន្លត់ ។ប៉ុន្តែមិនបង្កឱ្យនរណាម្នាក់រងរបួសនៅទេ។
អភិបាលក្រុង សេវាស្តូប៉ូល(Sevastopol) លោក មីខាអ៊ីល រ៉ាសវ៉ូសហេវ(Mikhail Razvozhaev) បានឱ្យដឹងនៅលើបណ្ដាញផ្ញើសារតេឡេក្រាមថា អ្នកជំនាញបានចុះត្រួតពិនិត្យនៅនឹងកន្លែងផ្ទាល់ ហើយសន្និដ្ឋានថា វាច្បាស់ណាស់ថា អគ្គីភ័យឆាបឆេះដោយសារការវាយប្រហារដោយដ្រូន។ លោកបន្តថា មានដ្រូនមួយទៀតត្រូវបានបាញ់ទម្លាក់ ហើយបំណែករបស់វាត្រូវបានរកឃើញនៅលើច្រាំងក្បែរកន្លែងស្ដុកប្រេងកើតហេតុនោះ។
ក្រោយហេតុការណ៍នេះកើតឡើង រុស្ស៊ីមិនបានធ្វើការចោទប្រកាន់ភាគីណាមួយ ជាពិសេសអ៊ុយក្រែន ដែលរុស្ស៊ីកំពុងធ្វើសង្រ្គាមឈ្លានពាននោះទេ។
កន្លងមកទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងកៀវ ថាបានបញ្ជូនដ្រូនជាបន្តបន្ទាប់ទាំងលើអាកាស និងសមុទ្រ ដើម្បីវាយប្រហារនៅតំបន់គ្រីមៀ ដែលរុស្ស៊ីកាត់យកដោយខុសច្បាប់ពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។
គួរកត់សម្គាល់ថា អ៊ុយក្រែនខ្វះមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់គោលដៅនៅកន្លែងនានានៅតំបន់គ្រីមៀ រួមទាំងក្រុង Sevastopol ប៉ុន្តែបាននិងកំពុងផលិតដ្រូនដើម្បីជម្នះឧបសគ្គនេះ។
ក្នុងការអាប់ដេតព័ត៌មានជាប្រចាំថ្ងៃនៅលើហ្វេសប៊ុក កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារ «ឃ្លាំងប្រេងចំនួន២ ប្រព័ន្ធការពារដែនអាកាសចំនួន២ អង្គភាពកាំភ្លើងធំមួយ និងគោលដៅសត្រូវសំខាន់ៗផ្សេងទៀត»។ យ៉ាងណាមិញ អង្គភាពយោធាអ៊ុយក្រែនដដែលមិនបានបញ្ចេញព័ត៌មានលម្អិតនោះទេ។
ចំណែកឯ លោក Andriy Yusov ដែលជាមន្ត្រីស៊ើបការណ៍យោធាអ៊ុយក្រែនម្នាក់វីញ បានអះអាងថា សាទែនប្រេងជាង ១០ ដែលផ្ទុកប្រេងជាង ៤០ ០០០ តោន សម្រាប់ផ្គត់ផ្គង់ដល់កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ត្រូវបានបំផ្លាញ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន RBC Ukraine។
យ៉ាងណាមិញ លោក Yusov មិនបានបញ្ជាក់ឱ្យច្បាស់ថាអ្វីដែលលោកនិយាយនេះ បង្ហាញពីការវាយប្រហារនៅគ្រីមៀ ឬថាតើអ៊ុយក្រែននៅពីក្រោយការវាយប្រហារនោះនោះទេ ខណៈមុននោះ អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានអះអាងផងដែរថា គ្មានភស្តុតាងដែលបង្ហាញថា អ៊ុយក្រែននៅពីក្រោយការវាយប្រហារ។
ទោះយ៉ាងណាក៏ដោយ លោក Yusov បានហៅការអគ្គីភ័យឃ្លាំងស្ដុកប្រេងនៅគ្រីមៀ ថាជា « ការដាក់ទណ្ឌកម្មរបស់ព្រះ» តបទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។
គួរកត់សម្គាល់ថា ជាធម្មតា អ៊ុយក្រែនមិនប្រកាសទទួលខុសត្រូវលើការវាយប្រហារណាមួយលើតំបន់គ្រីមៀនោះទេ រួមទាំងការវាយប្រហារដែលធ្វើឱ្យបាក់ស្ពានភ្ជាប់ពីរុស្ស៊ីទៅគ្រីមៀកាលពីឆ្នាំមុន។ យ៉ាងណាមិញ មន្រ្តីអ៊ុយក្រែនតែងប្រើភាសាបញ្ចាចបញ្ចើរលើការខូតខាតទាំងនោះ។
អគ្គីភ័យនៅគ្រីមៀលើកនេះ កើតឡើង១ថ្ងៃ បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលលើតំបន់លំនៅដ្ឋានស៊ីវិល ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥ នាក់ ដែលបណ្ដាលឱ្យមន្រ្តីកំពូលៗអ៊ុយក្រែន ដុកលោកខាងលិចឱ្យពន្លឿនការផ្ដល់ជំនួយសព្វាវុធសំខាន់ៗ រួមទាំងប្រព័ន្ធការពារដែនអាកាសដែលទំនើបជាងមុន និងយន្តហោះចម្បាំង៕ ប្រែសម្រួល៖ ហួន ឌីណា