សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងកោះរ៉ុង ប្តេជ្ញាលែងឱ្យមានប្លាស្ទិកក្នុងសហគមន៍ចាប់ពីឆ្នាំ២០២៤តទៅ
ព្រះសីហនុ៖ សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងកោះរ៉ុង បានប្តេជ្ញាថា នឹងលែងឱ្យមានប្លាស្ទិកក្នុងសហគមន៍ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីបរិស្ថានស្អាត គ្មានការបំពុលដោយប្លាស្ទិក ដែលនឹងនាំមកនូវភ្ញៀវទេសចរច្រើនដល់សហគមន៍ និងកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ។
នៅក្នុងកំឡុងពេលក្រុមអ្នកសារព័ត៌មានដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជានិងដឹកនាំដោយរដ្ឋបាលខេត្តព្រះសីហនុទៅទស្សនកិច្ចនៅតំបន់កោះរ៉ុងកាលពីពេលថ្មីៗនេះ ប្រធានសមាគមអភិរក្សបរិស្ថានក្រុងកោះរ៉ុង លោក ស្រេង ហៃសុខ បានអះអាងប្រាប់អ្នកសារព័ត៌មានថា សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងកោះរ៉ុង បានប្តេជ្ញាលែងឱ្យមានប្លាស្ទិកក្នុងសហគមន៍ចាប់ពីឆ្នាំ២០២៤តទៅ។លោកបន្តថាបើបរិស្ថានមិនស្អាត ក៏គ្មានភ្ញៀវទេសចរដែរ ដូចនេះអ្វីដែលប្រជាពលរដ្ឋក្នុងសហគមន៍នេះបានធ្វើ គឺប្រឆាំងនឹងសំរាម ជាពិសេសសំរាមប្លាស្ទិក ដោយសហគមន៍បានបង្កើតផ្នត់គំនិតដល់ពលរដ្ឋក្មេងចាស់ក្នុងសហគមន៍នេះថា ឃើញសំរាមត្រូវតែរើស។
ប្រធានសមាគមអភិរក្សបរិស្ថានក្រុងកោះរ៉ុង រូបនេះអះអាងទៀតថា ដោយមានការយកចិត្តទុកពីក្រសួង មន្ទីរបរិស្ថាន ថ្នាក់រដ្ឋបាលខេត្ត ក្រុងសង្កាត់កោះរ៉ុង ក៏ដូចជាសហគមន៍ផ្ទាល់ បានបណ្តុះគំនិតដល់ពលរដ្ឋទាំងអស់នៅលើតំបន់កោះរ៉ុងនេះ ត្រូវតែចេះគ្រប់គ្រងបរិស្ថានឱ្យបានល្អ ជាពិសេសចៀសវាងក្នុងការប្រើប្រាស់ប្លាស្ទិកក្នុងសហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចទៅកាន់សហគមន៍ឱ្យកាន់តែច្រើន។
លោកបានបន្តថា កាលពីមុនមានការចោលសំរាមពាសវាល ពាសកាល គ្រប់ទៅទីកន្លែង ទាំងក្នុងទឹក លើដី លើសមុទ្រ មានសំរាមស្ទើរគ្របើទីកន្លែង ប៉ុន្តែក្រោយពីមន្ទីរបរិស្ថាន អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ រួមជាមួយសមាគមបរិស្ថាននានា បានចុះអប់រំផ្សព្វផ្សាយច្រើន ទាក់ទងនឹងបញ្ហាបរិស្ថាននេះ បានធ្វើ ឱ្យពលរដ្ឋមានការផ្លាស់ប្តូរឥរិយាបថលើការទុកដាក់សំរាមនេះ បានប្រសើរជាមុនច្រើន។សហគមន៍បានកំណត់លក្ខខណ្ឌមួយ គឺសម្រាប់ពលរដ្ឋ ដែលចង់ចូលជាសមាជិករបស់សហគមន៍ ដាច់ខាតត្រូវមានការទុក ដាក់សំរាមឱ្យបានត្រឹ មត្រូវ ដូចនេះនៅពេលដែលមានពលរដ្ឋផ្សេងទៀតដែលចង់ចូលជាសមាជិករបស់សហគមន៍ត្រូវតែបំពេញលក្ខខណ្ឌឱ្យខានតែបាន។
សហគមន៍ក៏មានគម្រោងបន្ថែមផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ដើម្បីទាក់ទាញទេសចរណ៍ថ្មីៗ មកកំសាន្តនៅតំបន់កោះរ៉ុង ជាមួយនឹងការការរំពឹងខ្ពស់ថា ចំនួនភ្ញៀវទេសចរនឹងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលឆ្នាំក្រោយសហគមន៍នឹងរៀបចំសេវាកម្មទេសចរណ៍ថ្មីមួយទៀតសម្រាប់បម្រើការកម្សាន្តដល់ភ្ញៀវទេសចរ នោះគឺការៀបចំសួនសត្វខ្នាតតូចមួយ ដែលក្រសួងបរិស្ថាន នឹងផ្តល់សត្វមួយចំនួនសម្រាប់សួនសត្វនេះ ។ក្រៅពីនេះក៏មានសេវាកម្មជិះក្បូនកម្សាន្តតាមដងព្រែក ជិះខ្សែរ៉ត ការរៀប ចំជាជំរុំយុវជន និងកម្មវិធីកម្សាន្តនៅលើឆ្នេរជាច្រើន ដែលសហគមន៍នឹងរៀបចំឱ្យហើយនៅឆ្នាំក្រោយនេះ។
សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងកោះរ៉ុង មាន១១៥ គ្រួសារ ទើបតែចាប់ផ្តើមបើកដំណើរការកាលពីខែមេសា ឆ្នាំ២០២១នេះ ដោយសហគមន៍អាចរកចំណូលបានតាមរយៈការផ្តល់សេវាទេសចរណ៍ដូចជា ការជិះទូកកៃយ៉ាក់សេវាដឹកជញ្ជូនភ្ញៀវទៅទស្សនានៅក្នុងសហគមន៍ និងសេវាម្ហូបអាហារជាដើម។ ក្នុងមួយថ្ងៃសហគមន៍ទទួលបានភ្ញៀវទេសចរចន្លោះពី៨០ទៅ១០០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានប្រមាណ៤០ភាគរយ៕ ដោយ៖ វណ្ណ សុជាតា