រដ្ឋបាលខេត្តព្រះសីហនុគ្រោងរៀបចំសារមន្ទីរសង្រ្គាមក្រោមបាតសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមខ្មែរដាយគ្រុប(Khmer dive Group) គ្រោងនឹងសហការគ្នា រៀបចំសារមន្ទីរសង្រ្គាមក្រោមបាតសមុទ្រនៅជិតកោះតាគៀវដែលស្ថិតនៅក្បែរមូលដ្ឋានកងទ័ពជើងទឹករាមនៃខេត្តព្រះសីហនុ ដែលសម្បូរទៅដោយយុទ្ធោបករណ៍ ឬគ្រឿងសាស្រ្តាវុធ ដើម្បីទាក់ទាញភ្ញៀវទេសចរ ។

ក្នុងដំណើរដឹកនាំអ្នកសារព័ត៌មានទៅកាន់កោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ខែមេសា លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា កោះតាគៀវ ដែលស្ថិតនៅក្បែរមូលដ្ឋានកងទ័ពជើងទឹករាមនៃខេត្តនេះ សម្បូរទៅដោយយុទ្ធោបករណ៍ ឬគ្រឿងសាស្រ្តាវុធដែលបន្សល់ពីសម័យសង្រ្គាមដូចជា យន្តហោះចម្បាំង រថក្រោះជាដើម ដែលបានធ្លាក់ចូលក្នុងសមុទ្រ។ លោកបន្តថា ហើយយុទ្ធោបករណ៍ខ្លះគឺ បន្សល់ទុកតាំងពីសម័យសង្គ្រាមលោកលើកទី២ ដែលសក្តិសមក្នុងការរៀបចំជាសារមន្ទីសង្រ្គាម ក្រោមបាតសមុទ្រនេះ។

«ក្រុមខ្មែរដាយគ្រុប(Khmer dive Group) នឹងធ្វើការងារនេះ ដើម្បីឆ្លងជាមួយក្រសួងបរិស្ថានផងដែរ ក្នុងការរៀបចំសារមន្ទីរសង្រ្គាមក្រោមបាតសមុទ្រ ដែលស្ថិតនៅប្រជុំកោះតាគៀវនេះ ។បើសិនជាមានការគាំទ្រពីស្ថាប័នពាក់ព័ន្ធ យើងអាចរៀបចំកន្លែងនេះ សារមន្ទីរសង្រ្គាមក្រោមបាតសមុទ្រ សម្រាប់អ្នកទេសចរ ដែលគាត់ចង់កម្សាន្តនៅក្នុងបាតសមុទ្រ តាមរយៈការមុជទឹកកម្សាន្តនៅតំបន់នោះ»។ លោក ឌីម៉ង់បានបន្ថែម។

ជាមួយនេះដែរ លោកអភិបាលរងខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងយុវជនខ្មែរគួរ ហាត់រៀនពីការមុជទឹកដើម្បីអាចចុះទៅសិក្សាស្រាវជ្រាវពីជីវចម្រុះផ្សេងៗនៅក្រោមបាតសមុទ្រ ព្រោះថាបច្ចុប្បន្នភាគច្រើនមានតែជនបរទេសប៉ុណ្ណោះ។

ទោះយ៉ាងណាទំហំថវិកានិងរយៈពេលវេលានៃការរៀបចំបង្កើតសារមន្ទីរនេះ លោក ឡុង ឌីម៉ង់ នៅ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះវាកំពុងស្ថិតនៅក្នុងគម្រោងដែលត្រូវពិភាក្សាជាមួយក្រសួងស្ថាប័ននិងដៃគូពាក់ព័ន្ធដទៃទៀត។

លោកទទួលស្គាល់ថា ហាត់រៀនពីការមុជទឹក វាមានតម្លៃថ្លៃដោយសារតែឧបករណ៍និងសម្ភារៈនិងការហាត់ថ្លៃ តែនៅពេលដែលសរសេរគម្រោងចប់ ហើយមានការឧបត្ថម្ភនោះលោកជឿជាក់ថា តម្លៃនៃការហាត់និងឧបករណ៍ផ្សេងៗ នឹងអាចកាត់បន្ថយថ្លៃជាងមុន។

បើតាមលោក ឌី ម៉ង់ បច្ចុប្បន្នក្នុងខេត្តព្រះសីហនុមានក្រុមហ៊ុនខ្មែរដាយគ្រុប (Khmer Dive Group) និងសមាគមដទៃទៀត កំពុងធ្វើការផ្សព្វផ្សាយ ក្នុងការជួយថែរក្សាជីវៈចម្រុះ និងជំរុញទេសចរមកលេងរមណីយដ្ឋាននៅបាតសមុទ្រ ប៉ុន្តែទេសចរដែលមានបំណងមកទស្សនានៅបាតសមុទ្រ គឺត្រូវហ្វឹកហាត់ដាយវីង (Diving) ជាមុនសិន៕ ដោយ៖ វណ្ណ សុជាតា

ads banner