លោក ពូទីន អនុញ្ញាតឱ្យមានការផ្គត់ផ្គង់ប្រេងដល់ប្រទេសជាមិត្ត
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងទៅកាន់ប្រទេសជាមិត្ត ស្ថិតក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខាពីមុន កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។ នេះបើយោងតាមក្រឹត្យមួយដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

ក្រឹត្យដែលចូលជាធរមានចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើវិសោធនកម្មច្បាប់ពីមុន ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាកាលពីចុងឆ្នាំមុន ដែលហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ីដល់ក្រុមហ៊ុនបរទេស ប្រសិនបើកិច្ចសន្យារបស់ពួកគេពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលទាក់ទងនឹងតម្លៃកំណត់ដោយប្រទេសលោកខាងលិច។

កាលពីខែធ្នូ ឆ្នាំ២០២២ សហភាពអឺរ៉ុបបានកំណត់តម្លៃ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែលលើប្រេងឆៅរបស់ប្រទេសរុស្ស៊ី ដែលត្រូវបានចូលរួមដោយក្រុមប្រទេស G7 និងអូស្ត្រាលី។

ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ តែទិន្នន័យបានបង្ហាញថា រុស្ស៊ីបានផ្លាស់ប្តូរទិសដៅនៃការដឹកជញ្ជូនប្រេងឥន្ធនៈរបស់ខ្លួនដោយជោគជ័យ។

ជាក់ស្តែងរបាយការណ៍បានបង្ហាញថា ការនាំចេញផលិតផលប្រេងឥន្ធនៈស្អាត រួមទាំងប្រេងឥន្ធនៈប្រភេទម៉ាស៊ូតរបស់ប្រទេសរុស្ស៊ី មានចំនួន១.៩លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងអំឡុងពេលបីសប្តាហ៍ដំបូងនៃខែមេសា ឆ្នាំ២០២៣នេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា
