គ.ជ.ប នឹងរៀបចំវគ្គបណ្ដុះបណ្ដាលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត២០២៣ ជូនដល់ភាគីពាក់ព័ន្ធនៅដើមខែក្រោយ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ដល់ភាគីពាក់ព័ន្ធ មន្ត្រីគ.ជ.ប តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២៣ ឱ្យដឹងថា ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប នឹងថ្លែងបើកវគ្គបណ្ដុះបណ្ដាលខាងលើនេះ នៅព្រឹកថ្ងៃទី២ ខែឧសភា វេលាម៉ោង ៨ព្រឹក ។ ដោយឡែក នៅរសៀលថ្ងៃទី៣ ខែឧសភា វេលាម៉ោង ១៧ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងថ្លែង មតិណែនាំ និងបិទវគ្គបណ្ដុះបណ្ដាល។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់បន្ថែមនៅថ្ងៃទី ២៩ ខែមេសានេះថា វគ្គវណ្តុះបណ្តាលរៀបចំឡើង ក្នុងគោលដៅ ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសគណបក្សនយោបាយ យល់ដឹងពីនីតិវិធី និងបទបញ្ញត្តិនានាពាក់ព័ន្ធទៅនឹងការឃោសនាបោះឆ្នោត នៅពេលមុខ ។
លោកបន្តថា នៅក្រោយពេលដែលពួកគេយល់ដឹងច្បាស់ហើយ នឹងមិនប្រព្រឹត្តិខុស នឹងធ្វើឱ្យបរិយាកាសនៅមុនការបោះឆ្នោត មានសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អ ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត។
ឯកឧត្តមថ្លែងថា « គ្រប់ភាគីពាក់ព័ន្ធនៅពេលដែលពួកគាត់យល់ពីភារកិច្ចដែលគាត់ត្រូវធ្វើ និងអនុវត្តតាម កិច្ចដំណើការឃោសនាបោះឆ្នោតនឹងប្រព្រឹត្តិទៅរលូនល្អក្នុងបរិយាកាសសន្តិសុខនិងគ្មានអំពើហឹង្សា»។
បើតាមប្រតិទិន របស់ គ.ជ.ប យុទ្ធនាការនៃការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយដែលបានចុះបញ្ជីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែ
កក្កដា ឆ្នាំ ២០២៣ ៕ ដោយ៖ គឹម យុត្ថារ៉ូ
#បោះឆ្នោត២០២៣ #khelection2023