កម្ពុជា មានចក្ខុវិស័យអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព
ខេត្តព្រះសីហនុ ៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ បានសម្រេចការស្ថាបនាសរុប ៨៩% នៃការងារទាំងមូល ដែលគ្រោងសម្រេច ១០០% នៅចុងខែមិថុនាឆ្នាំ២០២៣ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអញ្ជើញចុះពិនិត្យការងារសាងសង់នេះ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ថា រាជរដ្ឋាភិបាល មានគោលបំណងកែប្រែខេត្តព្រះសីហនុឲ្យក្លាយជាខេត្តពហុបំណង ដែលចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផ្លូវ ប្រព័ន្ធរំដោះទឹកកខ្វក់ជាដើម។ សម្តេច បញ្ជាក់ថា បើមិនធ្វើប្រព័ន្ធរំដោះទឹកកខ្វក់ទេ ក៏មិនអាចធ្វើឲ្យខេត្តនេះមានបរិស្ថានល្អដែរ ដូច្នេះយើងត្រូវហ៊ានចំណាយទុន ដើម្បីរក្សានូវបរិស្ថានរួមសម្រាប់ទីក្រុងរបស់យើងនេះ។ ការដែលរាជរដ្ឋាភិបាល ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ គឺសម្រាប់មនុស្ស ក្នុងពេលបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយផងដែរ ។
សូមជម្រាបថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង និងការរក្សានូវបរិស្ថានរួមសម្រាប់ទីក្រុង ក្នុងខេត្តព្រះសីហនុ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈការចំណាយថវិការដ្ឋ និងធនធានក្នុងប្រទេស ប្រែក្លាយខេត្ដនេះ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដ៏សំខាន់ ។ ការកសាងសមិទ្ធផលទាំងនេះ ជាមោទនភាពរបស់ជាតិខ្មែរ ដែលយើងខិតខំតស៊ូងើបឡើងពីគំនរផេះផង់ រហូតកសាងទីក្រុងគ្មានមនុស្សរស់នៅ និងទៅជាទីក្រុងដ៏ទំនើប ជាពិសេស ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការអភិវឌ្ឍក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២ប្រចាំប្រទេស ជាមួយនឹងការប្រែក្លាយខ្លួនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ និងការកម្សាន្ត ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មភស្តុភាកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក។
ដោយឡែកថ្លែងក្នុងសន្និសីទសារព័ត៌មានដល់អ្នកសារព័ត៌មាននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា តាមរយៈគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨ បានលើកទឹកចិត្តគ្រប់វិស័យទាំងអស់ ដើម្បីស្តាសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ១៩ រួមមាន៖ ទេសចរណ៍ ឧស្សាហកម្ម ថាមពលវារីអគ្គីសនី និងអចលនទ្រព្យជាដើម ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចចូលរួមផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ ខណៈវិស័យសំខាន់ៗដែលកំពុងរីកលូតលាស់ឡើងវិញជាបណ្តើរៗ មានដូចជា៖ វិស័យទេសចរណ៍, ឧស្សាហកម្ម ដែលវិស័យនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានរហូតទៅ ១១កន្លែង ខណៈការអនុវត្តជាក់ស្តែងមានចំនួន ៤កន្លែង ដោយបានផ្តល់ការងារជាង ៣ម៉ឺនកន្លែង ។
សូមបញ្ជាក់ដែរថា កម្ពុជា មានចក្ខុវិស័យដល់ឆ្នាំ២០៣៨ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព ជីវភាព សុខភាព និងសុភមង្គល តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត, ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក, មជ្ឈមណ្ឌលកំណើនជាតិ, មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ, ច្រកចេញចូលអន្តរជាតិ, មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក, មជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថាន រស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ»។ បន្ថែមពីលើរាជរដ្ឋាភិបាល មានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រកដោយចីរភាព ជីវភាព សុខភាព និងសុភមង្គល ព្រមទាំងមានភាពទាក់ទាញ និងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ ក្រុមការងារទូរទស្សន៍អប្សរា