ឯកឧត្តម ខូយ រីដា ៖ វត្តមានព្រះអាគ្គិកីឡាមកដល់ ខេត្តពោធិ៍សាត់ ជាកំណត់ត្រាប្រវត្តិសាស្រ្តគួរឲ្យស្ញប់ស្ញែងចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល
ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាឱកាសទទួលនិងដង្ហែព្រះអាគ្គិជ័យកីឡាទៅតម្គាល់ក្នុងវត្តពាញ៉ែក ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៣ បានថ្លែងប្រាប់អ្នកយកព័ត៌មាន AMS ថា វត្តមាននៃការមកដល់របស់ព្រះអាគ្គិជ័យកីឡាដែលជាភ្លើងគប់កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ មកដល់ខេត្តពោធិ៍គឺជាកំណត់ត្រាប្រវត្តិសាស្រ្តគួរឲ្យស្ញប់ស្ញែងចំពោះការរៀបចំដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរបស់យើង។
ឯកឧត្តម បានបញ្ជាក់ទៀតថា វត្តមានការមកដល់នៃព្រះអាគ្គិជ័យកីឡាមកដល់ខេត្តពោធិ៍សាត់នេះប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន មន្រ្តីរាជការ កងម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ពិតជាមានមោទកៈភាពបំផុត ហើយបានចាត់ទុកព្រះអាគ្គិជ័យកីឡានេះជាកំណត់ត្រាប្រវត្តិសាស្រ្តសម្រាប់ជាតិមាតុភូមិ។
ឯកឧត្តម អភិបាល បន្ថែមទៀតថា ព្រះអាគ្គិជ័យកីឡាដង្ហែមកដល់ទឹកដីខេត្តពោធិ៍សាត់ភ្លាមចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងមកប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន និងអាជ្ញាធរ បានឈរអបអរសាទរយ៉ាងច្រើនកុះករ ដែលជាការបញ្ជាក់ពីការពេញចិត្ត និងស្រលាញ់គាំទ្រព្រះអាគ្គិជានិមិត្តរូបសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាការរៀបចំលើកដំបូងក្នុងទឹកដីប្រទេសកម្ពុជា។
លោក តុង សុភា កញ្ញា អាំង ម៉ាលី និង កញ្ញា មាសសារឹម ក៏បានឲ្យដឹងដែរថា ពេលឃើញព្រះអាគ្គិកីឡាដង្ហែមកដល់ភ្លាម គឺមានអារម្មណ៍រំភើបខ្លាំង ព្រោះនេះជាលើកទី១ហើយនៅកម្ពុជាដែលរៀបចំ ហើយក៏បានឃើញវាជាលើកទី១ដែរ។ ក្នុងនាមជាយុវជនពិតជាអរគុណដល់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ដែលបានដឹកនាំប្រទេសឲ្យទទួលបាននូវសុខសន្តិភាព និងបានរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាប្រវត្តិសាស្រនេះឡើង ដែលជាមោទកៈភាពសម្រាប់ប្រជាជនខ្មែរគ្រប់រូប។
សូមបញ្ជាក់ថា ព្រះអាគ្គិជ័យកីឡា នាព្រឹកថ្ងៃទី៣០ ខែ មេសា បានដង្ហែចេញពីវត្តអារាញ់ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឆ្ពោះមកកាន់ខេត្តពោធិ៍សាត់ ទទួលដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបានធ្វើពីដង្ហែទៅតម្គាល់នៅវត្តពាញ៉ែកនៅក្នុងក្រុងពោធិ៍សាត់ចំនួនមួយយប់ ៕ អត្ថបទ ៖ ជាវ ចន្ធូ រូបភាព រិន រចនា