ឯកឧត្តម ហ៊ុន ម៉ានី៖ «បើបក្សមិនឈ្នះឆ្នោតទេ សមាជិក សមាជិកាបក្សក៏មិនមានឱកាសបានបន្តដឹកនាំប្រទេសឱ្យបានកាន់តែរីកចម្រើនដែរ »
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញលើប្រធានបទ«ការងារចលនាមហាជនសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣» ក្នុងពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈចលនាមហាជន បានលើកឡើងថា៖ «បើបក្សមិនឈ្នះឆ្នោតទេ សមាជិក សមាជិកាបក្សក៏មិនមានឱកាសបានបន្តដឹកនាំប្រទេសអោយបានកាន់តែរីកចម្រើនដែរ»។
ឯកឧត្តម បញ្ជាក់ថា ការឈ្នះ មិនមែនឈ្នះឆ្នោតតែត្រឹមថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នោះទេ ត្រូវតែឈ្នះជារៀងរហូត និងគ្រប់ពេលវេលា។ សកម្មជនគណបក្សទាំងអស់ ត្រូវអនុវត្តនយោបាយឲ្យជាក់លាក់ មានអាកប្បកិរិយាល្អ ពាក្យសម្តីទន់ភ្លន់ច្បាស់លាស់ បន្តធ្វើអំពើល្អជាប្រចាំ ដើម្បីឲ្យប្រជាជនមានទំនុកចិត្តថា គណបក្សប្រជាជន ពិតជានៅជាមួយប្រជាជន។ ការកាន់អំណាច គឺដើម្បីប្រជាជន។
សូមជម្រាបជូនផងដែរថា រយៈពេលពេញមួយថ្ងៃនេះ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ក្នុងគោលដៅដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកដល់រចនាសម្ព័ន្ធរបស់គណៈចលនាមហាជនទូទាំងប្រទេស នូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់សម្រាប់ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕ ដោយ ៖ ហេង សម្បត្តិ