ឯកឧត្តម វង សូត អំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមឱ្យបានគង់វង្ស ដើម្បីទទួលបានការអភិវឌ្ឍសង្គមជាតិបន្តទៀត
ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខ័ណសីម៉ាព្រះវិហារ ពុទ្ធាភិសេក និងសម្ភោធឆ្លងសមិទ្ធិផលនានា នៅវត្តសិលារង្សី (វត្តត្រពាំងថ្កូវ ហៅវត្តចាស់ ) ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្តទី៣០ ខែមេសាឆ្នាំ២០២៣នេះ។
ឯកឧត្តមបញ្ជាក់ថា សម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទទំាងអស់ នាំគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមដែលកម្ពុជាកំពុងទទួលបាននាពេលនេះឱ្យបានគង់វង្ស ដើម្បីទទួលបានការអភិវឌ្ឍ និងសេចក្តីចម្រុងចម្រើនតកូតចៅជារៀងរហូតទៅ។
ឯកឧត្តម វង សូត បានអបអរសាទរចំពោះសមិទ្ធផលនានាដែលបានសម្ពោធនាឱកាសនេះថាពិតជាមានសារៈសំខាន់នៅក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជា បានកំពុងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍទំាងវិស័យពុទ្ធចក្រនិងណាចក្រ។គួរកត់សម្គាល់ថា វត្តនេះ ក៏ដូចវត្តដទៃទៀត ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី គ្មានអ្វីសេសសល់ឡើយ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បណ្តាវត្តអារាមទាំងអស់ ត្រូវបានស្តារនិងកសាងឡើងវិញជាបន្តបន្ទាប់ នៅពាសពេញប្រទេស។
ឯកឧត្តម វង សូត បន្តថា ព្រះវិហារថ្មី សាឡំ សាលាធម្មសភា បន្ទប់អនាម័យ អណ្តូងស្នប់ សាបបេតុង បង្គោលភ្លើង ការ៉ូកាឡា និងសមិទ្ធផលនានាក្នុងវត្ត ដែលដាក់សម្ពោធនាឱកាសនេះ បាន កើតចេញពីទឹកចិត្តជ្រះថ្លា របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធ សៅ ទីហេងសំរិន រួមជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានចម្រើនរុងរឿង។
ឯកឧត្តម បញ្ជាក់ថា វត្តអារាមរបស់ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់សម្រាប់សង្គមខែ្មរ។ ទីវត្តអារាម ជាកន្លែងសម្រាប់អប់រំចិត្ត គោរពបូជាតាមផ្លូវជំនឿសាសនា និងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង ជាថ្នាលបណ្តុះនិងថែរក្សានូវគម្ពីរក្បួនច្បាប់ អក្សរសាស្រ្ត ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី តម្លៃសីលធម៌ និងធនធានមនុស្សខាងបញ្ញាស្មារតី តាមផ្លូវពុទ្ធចក្រ និងអាណាចក្រ៕ ដោយ ហេង សម្បត្តិ