កូរ៉េខាងជើង ហៅការបំពេញទស្សនកិច្ច របស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅសហរដ្ឋអាមេរិកថា ជាដំណើរដ៏គ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ

សេអ៊ូល៖ ដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយុល គឺជា “ដំណើរទស្សនកិច្ចដ៏អរិភាព, ការឈ្លានពាន និងបង្កហេតុ ក៏ដូចជាគ្រោះថ្នាក់បំផុតសម្រាប់ការប្រឈមនឹងសង្គ្រាមនុយក្លេអ៊ែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងបទអត្ថាធិប្បាយមួយ ទីភ្នាក់ងារសារព័ត៌មាន KCNA បានសម្តែងការរិះគន់យ៉ាងចាស់ដៃ និងការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយបានច្រានចោលរាល់ឯកសារ និងវោហាសាស្ត្រដែលកើតចេញមកពីកិច្ចចរចាកំពូលរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងត្បូងនាពេលថ្មីៗនេះនៅទីក្រុងវ៉ាស៊ីនតោន។ កាសែត KCNA បានថ្កោលទោសឯកសារនោះថា ជាគោលនយោបាយអរិភាពដ៏អាក្រក់ចំពោះកូរ៉េខាងជើង ហើយថា វាត្រូវបានរចនាឡើង ដើម្បីបង្កើតសង្រ្គាមនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង។

បន្ថែមលើនេះ ភ្នាក់ងារសារព័ត៌មាន KCNA បានរិះគន់មេដឹកនាំកូរ៉េខាងត្បូងថា បានប្រព្រឹត្តទង្វើក្បត់ និងចុះចូលជាមួយអាមេរិក ដើម្បីប្រែក្លាយកូរ៉េខាងត្បូងទៅជាឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក និងជាមូលដ្ឋានជឿនលឿនសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងផលប្រយោជន៍មិនត្រឹមតែឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផងដែរ។

ប្រតិកម្មខ្លាំងៗរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ ដែលបានប្រកាសពីការបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរថ្មី និងដំណើរទស្សនកិច្ចនាពេលខាងមុខ នៃនាវាមុជទឹកនុយក្លេអ៊ែរបស់សហរដ្ឋអាមេរិកទៅកាន់កូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងអ្វីដែលគេហៅថា ការការពារបន្ថែមប្រឆាំងនឹងកូរ៉េខាងជើង៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner