នាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីអេហ្ស៊ីបព្រមព្រៀងជំរុញទំនាក់ទំនងទ្វេភាគីឱ្យក្លាយជា ដៃគូយុទ្ធសាស្ត្រ

គែរ៖ សម្រាប់ការបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអាហ្វ្រិកចំនួន៤ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅថ្ងៃទី៣០ ខែមេសា បានជួបពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាដតា អែល ស៊ីស៊ី នៅទីក្រុងគែរ ដោយមេដឹកនាំទាំងពីរបានលើកឡើងពីសារៈសំខាន់នៃការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ទៅកាន់តំបន់អាហ្វ្រិក ចាប់តាំងពីគាត់ឡើងកាន់តំណែង ហើយលោកក៏នឹងទៅទស្សនកិច្ចប្រទេសហ្គាណា កេនយ៉ា និងម៉ូសំប៊ិកផងដែរ។ លោក គីស៊ីដា បានបញ្ជាក់យ៉ាងដូច្នេះថា ប្រទេសជប៉ុន និងអេហ្ស៊ីបគឺជាដៃគូដ៏សំខាន់បំផុតសម្រាប់កិច្ចសហការក្នុងតំបន់ និងក្នុងសង្គមអន្តរជាតិ។

ដោយផ្អែកលើកាលៈទេសៈទាំងនេះ ពួកយើងបានយល់ព្រម ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ នាឱកាសនោះដែរ លោក គីស៊ីដា និងលោក ស៊ីស៊ី ក៏បានពិភាក្សាគ្នាផងដែរ អំពីការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ រីឯជម្លោះនៅស៊ូដង់វិញ មេដឹកនាំទាំងពីរបានបញ្ជាក់ថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងស្តារស្ថានការណ៍នេះ រួមទាំងការចែករំលែកព័ត៌មានរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសន្តិសុខស្បៀងនៅក្នុងប្រទេសអេហ្ស៊ីប និងផែនការជួយសម្រួលដល់ការវិនិយោគរបស់ជប៉ុននៅក្នុងសេដ្ឋកិច្ចអេហ្ស៊ីបដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។អេហ្ស៊ីបគឺជាប្រទេសនាំចូលគ្រាប់ធញ្ញជាតិច្រើនជាងគេរបស់ពិភពលោក។ ជាក់ស្តែងអេហ្ស៊ីបបានពឹងផ្អែកលើរុស្ស៊ីសម្រាប់ការនាំចូលគ្រាប់ធញ្ញជាតិភាគច្រើនរបស់ខ្លួន ប៉ុន្តែការដឹកជញ្ជូនត្រូវបានរារាំងដោយការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដែលធ្វើឱ្យតម្លៃនំប៉័ងឡើងថ្លៃជាងបីដង៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner