មន្រ្តីទូតចិន៖ លោក ស៊ី ជីនពីង បានធ្វើអន្តរាគមន៍ដោយផ្ទាល់ ដើម្បីស្តារទំនាក់ទំនងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ឡើងវិញ
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបញ្ចុះបញ្ចូលមេដឹកនាំអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ឱ្យស្តារទំនាក់ទំនងឡើងវិញ ហើយបញ្ចប់ជម្លោះការទូតរយៈពេល៧ឆ្នាំរវាងប្រទេសទាំងពីរ។ នេះបើតាមមន្រ្តីការទូតជាន់ខ្ពស់ចិន បានប្រាប់កាសែត People’s Daily កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។
ប្រធាននាយកដ្ឋានកិច្ចការអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង នៃក្រសួងការបរទេសចិន លោក វ៉ាង ឌី បានប្រាប់កាសែតដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលថា លោក ស៊ី បានបញ្ចុះបញ្ចូលមេដឹកនាំប្រទេសទាំងពីរដោយផ្ទាល់ ហើយគាំទ្រអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ឱ្យបង្កើតទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងឡើងវិញ។
លោក វ៉ាង ថា កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់នៅមជ្ឈិមបូព៌ា កើតឡើងចំពេលដែល ប្រទេសធំៗមួយចំនួននៅក្រៅតំបន់ បានបង្កឱ្យមានអស្ថិរភាពរយៈពេលវែង ដោយលោកបានចាត់ទុកថា ជាការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
លោក វ៉ាង បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងក្លាយជាអ្នកសម្របសម្រួលដោយយុត្តិធម៌ ហើយថា ចិននឹងបន្តជាអ្នកលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉េកាំងកាលពីខែមុន រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ត្រូវបានគេចាត់ទុកថា ជាជ័យជំនះផ្នែកនយោបាយការបរទេសដ៏សំខាន់សម្រាប់ប្រទេសចិន។
ជាក់ស្តែងកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ទាំងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានប្រកាសថា ប្រទេសទាំងពីរនឹងបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងរដ្ឋធានីរបស់គ្នាទៅវិញទៅមកនាពេលឆាប់ៗខាងមុខ ដែលនេះជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា