លោក បៃដិន និងនាយករដ្ឋមន្រ្តីឥណ្ឌា នឹងទៅចូលរួមកិច្ចប្រជុំកំពូលកោះប៉ាស៊ីហ្វិក នាចុងខែឧសភានេះ
វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិក និងឥណ្ឌា នឹងទៅចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេស និងដែនដីទាំង១៨ នៃវេទិកាប្រជុំកោះប៉ាស៊ីហ្វិក នាចុងខែឧសភាខាងមុខនេះ។
នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ លោក James Marape បានធ្វើសេចក្តីប្រកាសអំពីកិច្ចប្រជុំកំពូលកោះប៉ាស៊ីហ្វិក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ បើតាមការគ្រោងទុកនោះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នឹងឈប់សំចតនៅប្រទេសប៉ាពួញូហ្គីណេ នៅតាមផ្លូវឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី សម្រាប់កិច្ចប្រជុំកំពូលក្វាដ (Quad) នៅទីក្រុងស៊ីដនី នាថ្ងៃទី២៤ ខែឧសភាខាងមុខនេះ។
ក្រុមប្រទេសក្វាដ មានដូចជាអូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក និងឥណ្ឌា។ ការឈប់សម្រាករបស់លោក បៃដិន នៅប្រទេសប៉ាពួញូហ្គីណេ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសដែលសម្បូរដោយធនធានធម្មជាតិ ប៉ុន្តែភាគច្រើនមិនទាន់មានការអភិវឌ្ឍន៍ដែលមានប្រជាជនជិត១០លាននាក់នៅភាគខាងជើងនៃប្រទេសអូស្ត្រាលី។
សូមរម្លឹកថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាពួញូហ្គីណេ កាលពីឆ្នាំ២០១៨។ ប៉ាពួញូហ្គីណេកំពុងទទួលបាននូវការចាប់អារម្មណ៍ពីប្រទេសចិន ក៏ដូចជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈដែលនាយករដ្ឋមន្រ្តីប៉ាពួញូហ្គីណេ លោក James Marape បាននិងកំពុងសម្លឹងមើលឱកាសបង្កើនការវិនិយោគពីក្រៅប្រទេស។
សហរដ្ឋអាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងកើនឡើងនៅក្នុងតំបន់ បន្ទាប់ពីប្រទេសចិនបានវាយលុកកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រជុំកោះសូឡូម៉ុនកាលពីឆ្នាំមុន៕
ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា