សម្ដេចតេជោ ហ៊ុន សែន៖ ការគោរពសិទ្ធិកម្មករ មិនមែនមានតែមួយថ្ងៃ ទី១ ខែឧសភានោះទេ
ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការគោរពសិទ្ធិកម្មករ មិនមែនមានតែមួយថ្ងៃ ទី១ ខែឧសភានោះទេ ប៉ុន្ដែម្ចាស់រោងចក្រ និងកម្មករ មានការគោរពសិទ្ធិគ្នារាល់ថ្ងៃ។ សម្តេចតេជោ នាយករដ្ឋមន្តីកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលទិវាពលកម្មអន្តរជាតិ ០១ ឧសភា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ និងបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគោរពសិទ្ធិកម្មករ មិនមែនមានតែមួយថ្ងៃ គឺនៅថ្ងៃទី១ ខែឧសភានោះទេ ប៉ុន្ដែគឺជាការគោរពសិទ្ធិរបស់កម្មកររាល់ថ្ងៃ រវាងម្ចាស់រោងចក្រ និងកម្មករ។
សម្ដេច ក៏បានលើកឡើងដែរថា ចំពោះបុគ្គលមួយក្រុម ដែលនាំគ្នាធ្វើបាតុកម្មរាប់ឆ្នាំ មិនមែនរាជរដ្ឋាភិបាលមិនដឹងថា ក្រុមនេះបើកលុយនៅទីណា? កន្លែងណា? ដើម្បីស៊ីឈ្នួលធ្វើបាតុកម្មនោះទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងផ្ដាំផ្ញើដល់ក្រុមបរទេស ដែលផ្ដល់លុយឱ្យក្រុមធ្វើបាតុកម្មនោះ សូមដកខ្លួនចេញ និងកុំយកបាតុកម្មមកធ្វើជាឈ្នាន់នយោបាយឱ្យសោះ។
សម្តេចបញ្ជាក់ថា ក្រុមរបស់សម្តេច ក៏នៅក្នុងនឹងដែរ រឿងអ្វីៗក៏សម្តេចបានដឹង និងជ្រាបផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីហួមត និង សួង ពិសិដ្ឋ