សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីការខិតខំការពារកំពង់ផែស្វយ័តក្រុងព្រះសីហនុ កុំឱ្យធ្លាក់ក្នុងដៃឯកជន ដែលចាត់ទុកជាគ្រូពេទ្យវះកាត់ ក្នុងការរីកលូតលាស់នៃកំពង់ផែនេះដល់បច្ចុប្បន្ន

ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីការខិតខំការពារកំពង់ផែស្វយ័តក្រុងព្រះសីហនុ កុំឱ្យធ្លាក់ក្នុងដៃឯកជន ដែលចាត់ទុកជាគ្រូពេទ្យវះកាត់ ក្នុងការរីកលូតលាស់នៃកំពង់ផែនេះដល់បច្ចុប្បន្ន ។ សម្តេចតេជោ នាយករដ្ឋមន្តីកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលទិវាពលកម្មអន្តរជាតិ ០១ ឧសភា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ និងបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

សម្ដេចតេជោ បានរម្លឹកថា ដើម្បីការពារកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជារបស់ឯកជន សម្ដេចបានខិតខំខ្លាំងណាស់ ក្នុងការការពារ ។សម្តេចបន្តថា បើសិនជាកំពង់ផែនេះ ធ្លាក់ក្នុងដៃឯកជន នឹងមិនទទួលបានជំនួយពីប្រទេសជប៉ុន ដើម្បីធ្វើការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។

សម្តេចតេជោ បានបញ្ជាក់ថា សម្ដេច គឺជាគ្រូពេទ្យវះកាត់ ក្នុងការរីកលូតលាស់នៃកំពង់ផែនេះ រហូតដល់មានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ សម្ដេចបានធ្វើការងារជាមួយមិត្តជប៉ុន រយៈពេល៣៣ឆ្នាំហើយ ។ ជប៉ុន បានចូលរួមចំណែកក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា បន្ទាប់មកជប៉ុនបានដើរតួនាទីសំខាន់ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជា ជាពិសេសលើការផ្ដល់ជំនួយឥតសំណង។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលមានវិធីដោះបំណុលយ៉ាងល្អដល់កម្ពុជា ដែលប្រទេសផ្សេងៗអាចយកធ្វើជាគំរូ ខណៈដែលកម្ពុជាជំពាក់បំណុលជប៉ុន ដោយជប៉ុនបង្វែជាការផ្ដល់ជំនួយផ្សេងៗដល់កម្ពុជាជាការដោះដូររួចបំណុលពីជប៉ុន។

សម្ដេចថា រាល់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជប៉ុន សម្ដេចតែងតែអំពាវនាវចំពោះការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្នុងកំពង់ផែស្វយ័តក្នុងព្រះសីហនុនេះ។ សម្តេច ក៏បានប្រកាសដែរថា កម្ពុជា-ជប៉ុន បានការយកចិត្តទុកដាក់លើផ្នែកភស្តុភារកម្ម និងពន្លឿន ដោយធ្វើយ៉ាងណាឱ្យទឹកនៅកំពង់ផែនេះរឹតតែជ្រៅ ដើម្បីអាចឱ្យនាវាធំៗចូលចតនៅកំពង់ផែនេះបាន ដើម្បីកាត់បន្ថយតម្លៃ នៃការដឹកជញ្ជូន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនឹងក្លាយទៅជាកំពង់ផែទឹកជ្រៅ ធ្វើឱ្យចំនួននាវាធំៗចូលចតមានការកើនឡើងច្រើនជាងមុន ហើយធ្វើឱ្យតម្លៃនៃការចូលចតរបស់នាវា នឹងមានតម្លៃថោកជាងមុនផងដែរ ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ទៅបុគ្គលមួយចំនួនដែលបានលើកឡើងពីការផ្ដល់ជំនួយរបស់ជប៉ុនដល់កម្ពុជាថា មានអំពើពុករលួយ គឺសូមអញ្ជើញទៅសួរជប៉ុនដោយខ្លួនឯងទៅចុះ។ សម្ដេចបញ្ជាក់ថា ជប៉ុនមិនមែនល្ងង់ចេះតែផ្ដល់លុយឱ្យគេផ្ដេសផ្ដាសនោះទេ។ ជប៉ុន ដេញថ្លៃនៅតូក្បូ ដោយកម្ពុជា ចាំតែសម្ពោធ និងប្រគល់-ទទួលប៉ុណ្ណោះ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ដើម្បីក្លាយជាដៃយុត្តិសាស្ត្រជាមួយបរទេសទាំងឡាយត្រូវគោពគោលការណ៍ចំនួន៣ ដោយទី១-គោលគៅសន្តិភាព និងការអភិវឌ្ឍ ទី២-មិនធ្វើឡើងដើម្បីប្រឆាំងប្រទេសដទៃ ឬក្រុមណាទេ និងទី៣- ត្រូវគោរពមជ្ឈភាពអាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក ។

សម្ដេច ថា ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន កំពុងមានការរីកចម្រើន ដោយសម្ដេចស្នើឱ្យមានការបន្តពង្រីកបន្ថែមទៀត លើទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ។

សម្ដេចតេជោ បានរំលឹកថា កាលពីមុនកម្ពុជា ជាប្រទេសរង់ចាំជំនួយពីប្រទេសជប៉ុន ប៉ុន្ដែឥឡូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១.៩៤៨លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំទំនិញទៅជប៉ុនចំនួន ១.១៧៣លានដុល្លារអាមេរិក ហើយជប៉ុននាំចូលមកកម្ពុជាវិញចំនួន ៧៧៤លានដុល្លារអាមេរិក ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner