កម្ពុជា ត្រៀមអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍វិញ នូវ​ជនជាតិហ្វីលីពីន ចំ​នួន បួននាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ប្រកាស​ឱ្យដឹងថា ​សមត្ថកិច្ចជំនាញរបស់​កម្ពុជា បានបញ្ជូនជនជាតិហ្វីលីពីនចំ​នួនបួននាក់ ទៅកាន់មណ្ឌលត្រៀម​បណ្ដេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍។នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំម​នុស្សឆ្លងដែនខុសច្បាប់នៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ​កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៣។

សេចក្តីប្រកាសបាន​ឱ្យដឹងថា ក្រុមប្រតិបត្តិការបានទទួលកំណត់ទូតពីស្ថានទូតហ្វីលីពីន ប្រចាំ​កម្ពុជាចំនួនពីរលើក ដោយស្នើសុំជួយសង្គ្រោះប្រជាពលរដ្ឋហ្វីលីនលើករណីបង្ខាំងមនុស្ស ធ្វើទារុណកម្មនិងជំរិតទារប្រាក់ នៅទីតាំងក្រុមហ៊ុនកាស៊ីណូមួយកន្លែង ស្ថិតក្នុងខេត្តកោះកុង ដោយលើកទី១ ស្នើសុំជួយសង្គ្រោះ ចំនួន ៣០នាក់ ​និងលើកទី២ ​ស្នើសុំជួយសង្គ្រោះចំនួន ២០នាក់​។

ប្រភពដដែល​បន្តថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះស្រាវជ្រាវស្វែងរកជនជាតិហ្វីលីពីន តាម សំណើសុំអន្តរាគមន៍ទាំង​២លើក ដោយ​លើកទី១ បានរកឃើញប្រជាពលរដ្ឋហ្វីលីពីនចំនួន ២០នាក់ ប៉ុន្តែពួកគេត្រូវ​បាន​ដោះលែងវិញ ដោយសារ​​ពួកគេស្នាក់នៅ និងធ្វើការ​ស្របតាមច្បាប់នៃប្រទេសកម្ពុជា​។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បាន​ឱ្យដឹងទៀតថា ក្រោយទទួលបានសំ​ណើ​លើកទី២ សមត្ថកិច្ចជំនាញបានរកឃើញពលរដ្ឋហ្វីលីពីនចំនួនប្រាំពីរនាក់ ដែលមានឈ្មោះ ប្រ​ហាក់ប្រហែលនឹងឈ្មោះក្នុងសំណើសុំរបស់ស្ថានទូត ទើបសម្រេចអញ្ជើញពួកគេមកទីកន្លែងរ​បស់ សមត្ថកិច្ចដើម្បីធ្វើការសាកសួរ។

គណៈកម្មាធិការនេះថា ៖ «តាមការបំភ្លឺនៅចំពោះមុខមន្ត្រីទូត ពួកគេបានចូលមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២២ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងស្វែងរកការងារធ្វើតាមរយៈភ្នាក់ងារ និងបានចូលធ្វើការ​រហូតមកដល់បច្ចុប្បន្ន ដោយទទួលបានអាហារគ្រប់គ្រាន់ កន្លែងស្នាក់នៅសមរម្យ ប្រាក់ខែទៀងទាត់ និងពុំធ្លាប់ត្រូវបានបង្ខាំងធ្វើទារុណកម្ម ឬបង្ខិតបង្ខំឲ្យធ្វើការ ខុសច្បាប់នោះទេ»។

ពួកគេ​ក៏ពុំបានដឹងអំពីការប្ដឹង ឬស្នើសុំជំនួយទៅកាន់ស្ថានទូតនោះដែរ ហើយឈ្មោះ ដែលមានក្នុងកំណត់ទូតនោះ គឺជាឈ្មោះដែលពួកគេប្រើលើបណ្តាញសង្គមប៉ុណ្ណោះ។ នេះបើតាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សបញ្ជាក់បន្ថែម។

ដោយពិនិត្យឃើញ ភាពស្របច្បាប់ចំពោះការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានសំណូមពរពីសាមីខ្លួន សមត្ថកិច្ចបានអនុញ្ញាតឲ្យជនជាតិហ្វីលីពីនចំនួន ៣នាក់ ត្រឡប់ទៅបន្តការងារវិញជាធម្មតា និងបួននាក់ ផ្សេងទៀត ស្ម័គ្រចិត្តលាឈប់ពីការងារត្រឡប់ទៅប្រ​ទេសកំណើតវិញ។​

​សូមបញ្ជាក់​ផងដែរថា ក្នុង​រយៈពេល​ជាង បួនខែ​ចុងឆ្នាំមុន គឺ​គិត​ពី​ថ្ងៃទី​១៨ ខែសីហា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅនេះ​ ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ (​គ​.​ជ​.​ប​.​ជ​)​ បានទទួល​បញ្ជី​តាមដាន​ពាក់ព័ន្ធ​សំណើ​ឱ្យជួយ​អន្តរាគមន៍​ការជួញដូរ​មនុស្ស​ជិត ៧០០ សំណើ ក្នុងនោះ​មាន​ជនបរទេស​សរុប​ជាង ១ ៥០០​ នាក់ និង​មាន ១៦​ សញ្ជាតិ​។​

​យោងតាមព័ត៌ដែលបាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករបស់សម្ដេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ​បានឱ្យដឹងថា ​​គ​.​ជ​.​ប​.​ជ​​ បានទទួល​បញ្ជី​តាមដាន​ពាក់ព័ន្ធ​សំណើ និង​សំណូមពរ តាមរយៈហ្វេសប៊ុក និង​ប្រភព​ផ្សេងៗ​ទៀត សរុប​ចំនួន ៦៦១​សំណើ ជនបរទេស ១៥៩៦​នាក់ (​ស្រី ១៧២​នាក់​)​ស្មើ​១៦​សញ្ជាតិ​។​​

របាយការណ៍​ថា​ ក្នុងចំណោម​អ្នក​ដែល​បានដាក់​សំណើ និង​សំណូមពរ សុំ​កិច្ច​អន្ត​រាគមន៍​នោះ រួមមាន ជនជាតិខ្មែរ​ប្រាំបួន​នាក់​ ចិន៦៦៨​នាក់​ ជប៉ុន​មួយ​នាក់​ ថៃ​ប្រាំបួន​នា​ក់ នេ​ប៉ាល់​មួយ​នាក់​ បង់​ក្លា​ដែស២២​នាក់ ​ប៉ា​គី​ស្ថាន​មួយ​នាក់ ​ម៉ាឡេស៊ី​១៤៤​នាក់​ មី​យ៉ាន់​ម៉ា​ប្រាំ​នាក់​ វៀតណាម​៤៦៦​នាក់​ សិង្ហបុរីមួយ​នាក់​ ស្រីលង្កា​បួននាក់​ ហ្វីលីពីន​ពីរ​នាក់​ ឥណ្ឌា៨៣​នាក់ ​ឥណ្ឌូនេស៊ី​១៧៨​នាក់ និងអាមេរិកពីរ​នាក់​៕​

ដោយ៖ជា សុខនី

ads banner