លោក អៀ ចាន់ណា ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានចាកចេញពីពន្ធនាគារ
ភ្នំពេញ៖ បន្ទាប់ពីមានការសម្របសម្រួលខាងផ្លូវច្បាប់ លោក អៀ ចាន់ណា មន្ត្រីនៃគណបក្សប្រឆាំងបានចេញពីពន្ធនាគារព្រៃសហើយ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។ តាមរយៈវិដេអូឃ្លីប លោក អៀ ចាន់ណា បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុគ្រោះដល់រូបលោក និងបានជួយអន្តរាគមន៍ឱ្យរូបលោកបាននៅក្រៅឃុំដើម្បីបានមកជួបជុំក្រុមគ្រួសារ។
សូមជម្រាបថា លោក អៀ ចាន់ណា បានធ្វើលិខិត និងវីដេអូសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លងមក ដោយបានចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុកពីព័ត៌មាន នៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំង កាលពីឆ្នាំ២០២០។
នៅក្នុងលិខិតសុំទោស លោក អៀ ចាន់ណា បានសន្យាថា នឹងមិនប្រព្រឹត្តនូវអំពើណាដែលផ្ទុយពីច្បាប់ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិនោះទេ។ ជាមួយគ្នានេះ លោក អៀ ចាន់ណា សុំសម្តេចតេជោ ហ៊ុន សែន មេត្តាករុណាដល់រូបលោកជួយអន្តរាគមន៍ឲ្យរូវលោកបាននៅក្រៅឃុំដើម្បីបាន មើលថែគ្រួសារ និងធ្វើជាពលរដ្ឋល្អដោយក្តីអនុគ្រោះ។
តាមរយៈវីដេអូ លោក អៀ ចាន់ណា បានសូមទទួលស្គាល់កំហុសឆ្គងនាពេលកន្លងមកដែលនាំឱ្យប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមសម្តេចមេត្តាខន្តីអភ័យទោសចំពោះកំហុសឆ្គងនាពេលកន្លងមក។
ចំណែកសម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា លោក អៀ ចាន់ណា បានធ្វើការសូមទោស ចំពោះកំហុសឆ្គងដូចមានក្នុងវីដេអូ និងលិខិតរបស់គាត់។ សម្តេចសូមស្នើឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៍ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ដើម្បីសុំធានាលោក អៀ ចាន់ណា ឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន៕
ដោយ៖ពលជ័យ