លោក គៀន ពន្លក សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក គៀន ពន្លក បានចេញវីដេអូ និងលិខិតសុំទោស និងសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈសារក្នុងបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គៀន ពន្លក។ ដោយសារលោក គៀន ពន្លក កំពុងរស់នៅ និងធ្វើការនៅខេត្តតាកែវ សូមប្រគល់ជូនគណៈកម្មាធិការបក្សខេត្តតាកែវ រៀបចំបែបបទបញ្ចូលបក្សជូន លោក គៀន ពន្លក ស្របតាមនិតិវិធីរបស់គណបក្សប្រជាជនកម្ពុជា។

សូមជម្រាបឱ្យដឹងថា លោក គៀន ពន្លក គឺជាមន្ត្រីនៃនាយកដ្ឋានបណ្ដុះបណ្ដាលនៃអតីតគណបក្សសង្គ្រោះជាតិ និងជាអគ្គលេខាធិការអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា។ លោក គៀន ពន្លក បានចេញវីដេអូទទួលស្គាល់កំហុសរបស់ខ្លួនដែលធ្លាប់បានធ្វើការរិះគន់ និងវាយប្រហារទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសុំការអភ័យទោសចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះកំហុសឆ្គងកន្លងមកដោយសារតែលោកចាញ់បោកគណបក្សប្រឆាំង។ ជាពិសេសការញុះញង់ពីសំណាក់បរទេស។ លោក គៀន ពន្លក បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ និងការពារសុខសន្តិភាព និងមិនឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានតទៅទៀតទេ៕
ដោយ៖ពលជ័យ

ads banner