កសិករម្នាក់នៅភូមិទឹកថ្លាទាញចំណូលបានប្រចាំថ្ងៃពីការចិញ្ចឹមងាវភក់
ភ្នំពេញ៖ “ងាវ” ភក់ គឺជាងាវមួយប្រភេទដែលមានទំហំធំជាងងាវទូទៅនិងមានលក្ខណៈខុសគ្នាពីងាវធម្មតា ឬ គ្រែងឈាម ទៅលើក្រឡារបស់វា ដែលគ្មានឈាមនៅពេលចម្អិន។ងាវភក់ជាទូទៅត្រូវបានគេចិញ្ចឹមតាមលក្ខណៈធម្មជាតិ នៅតាមតំបន់ព្រៃកោងកាង នាខេត្តតំបន់សមុទ្រ។
នៅក្នុងភូមិព្រែកសង្កែ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានកសិករម្នាក់អាចទាញចំណូលបានជាប្រចាំថ្ងៃមកពីការចិញ្ចឹមងាវភក់នេះ។ របរនេះជួយបង្កើនប្រភពចំណូលដល់គ្រួសាររបស់គាត់បានគួរសម។
ដោយមានសំនៀងរដឺន តាមបែបបងប្អូនខ្មែរឥស្លាម អ្នកស្រី ឡេ ហាត់សះ អាយុ ៤២ឆ្នាំជាកសិករមួយរូបដែលចិញ្ចឹម និងផ្គត់ផ្គង់ងាវភក់ក្នុងសហគមន៍របស់អ្នកស្រីបានឱ្យដឹងថា អ្នកស្រីបានចាប់ប្រកបរបរនេះជាង ១០ឆ្នាំមកហើយ គឺចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០០៧ មក ដោយមិនមានដើមទុនគ្រប់គ្រាន់ រហូតដល់មានមន្ត្រី ជលផល ជួយជាការផ្តល់កូនងាវភក់រហូតដល់ ២០០ គីឡូក្រាម មកចិញ្ចឹមនៅក្នុងស្រះ ហើយក៏បានបន្តចិញ្ចឹមមកដល់សព្វថ្ងៃ។
អ្នកស្រី ហាត់សះ បន្តថា បច្ចុប្បន្នងាវភក់នេះគឺមានតម្រូវការខ្ពស់ណាស់ ពោលគឺទាំងក្នុងសហគមន៍របស់អ្នកស្រីផ្ទាល់និងមានទាំងអាជីវករដែលចង់ទិញយកទៅលក់បន្តជាច្រើនថែមទៀត។
អ្នកស្រី ហាត់សះ បានប្រាប់ថា ៖ «ជាមធ្យមនៅក្នុងមួយថ្ងៃខ្ញុំអាចលក់បានចន្លោះពី ២០ ទៅ ៣០គីឡូក្រាម ក្នុងតម្លៃ ២៥០០រៀលក្នុង១គីឡូក្រាម។ប៉ុន្តែតម្រូវការនេះ អាចប្រែប្រួលថែមទៀតទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន»។
អ្នកស្រីបានឱ្យដឹងទៀតថា ៖ «សម្រាប់អ្នកចង់ទិញយកទៅលក់បន្តមានច្រើនដែរ ប៉ុន្តែខ្ញុំរកមិនទាន់ឲ្យគេទេ មួយថ្ងៃគេរក ៥០ ទៅ ៦០គីឡូក្រាមឯណោះ ។អ៊ីចឹងដល់ពេលខ្ញុំរកឱ្យគេមិនទាន់ក៏រកតែទុកលក់ក្នុងស្រុកភូមិ សម្រាប់គេមកទិញហូបមួយថ្ងៃៗប៉ុណ្ណោះ»។
តាមរយៈបទពិសោធន៍ចិញ្ចឹម និងលក់ដូរ ងាវប្រភេទនេះជាង ១០ឆ្នាំ អ្នកស្រីក៏បានបកស្រាយឱ្យដឹងពីលក្ខណៈពិសេសងាវមួយប្រភេទនេះថា “ងាវភក់”នេះមានលក្ខណៈខុសគ្នាពីងាវធម្មតាត្រង់ថា វាជាងាវព្រៃ ។ប៉ុន្តែសម្រាប់អ្នកនៅភ្នំពេញ និងតំបន់ផ្សេងគេគ្រាន់តែហៅថា «ងាវ» ធម្មតាទៅ។ តែងាវប្រភេទនេះវាមានទំហំធំជាងងាវធម្មតា សូម្បីតែក្រឡាក៏ខុសគ្នាពីងាវធម្មតា ឬគ្រែងឈាមដែរ ហើយងាវនេះពេលចម្អិនឆ្អិនគ្មានឈាមដូចងាវធម្មតាឡើយ។
ទាក់ទងនឹងការចិញ្ចឹមវិញអ្នកស្រីថាវាមិនសូវមានការលំបាកខ្លាំងនោះទេ ពោលគឺកន្លែងណាដែលមានទឹក និងភក់គឺគេអាចចិញ្ចឹមបានហើយ។
ដោយឡែកអ្នកស្រីបានឱ្យដឹងពីប្រភពងាវនេះថា គេអាចប្រមូលទិញ កូនងាវពីប្រជាសហគមន៍ដែលរើសនៅក្នុងព្រៃ យកមកដាក់ចិញ្ចឹមបន្តនៅក្នុងស្រះបាន។
សូមបញ្ជាក់ផងដែរថា ភូមិទឹកថ្លារបស់អ្នកស្រី ហាត់សះ ស្ថិតនៅក្នុងសហគមន៍នេសាទព្រៃនប់២ ដែលសហគមន៍នេះមានផ្ទៃដីជាង ៦០៥ហិកតា ក្នុងនោះមានព្រៃកោងការ ៦៥៥ហិកតា មានសមាជិកជាង ១ ០០០ គ្រួសារ ដែលប្រកបរបរចិញ្ចឹមត្រី ងាវភក់ជាលក្ខណៈធម្មជាតិ និងនេសាទសមុទ្រ។
យោងតាមវចនានុក្រមសម្ដេចសង្ឃរាជជួន ណាត បានពន្យល់ពាក្យ “ងាវ”ថា “ងាវ”(ន.) លៀសសមុទ្រមួយប្រភេទ ក្នុងពួកគ្រែង : ផ្អកងាវ ៕ ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ