ខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើ៣ប្រភេទកីឡា
ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ បានត្រៀមរួចជាស្រេច និងបានរៀបចំទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច ប្រតិភូ និងកីឡាករ កីឡាការិនីមកពីតំបន់អាស៊ាន ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ លើ៣ប្រភេទកីឡា មានកីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទហឆ្នេរខ្សាច់។
តាមការបញ្ជាក់ពីមន្រ្តីរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃអង្គារទី២ ខែឧសភា ២០២៣នេះ កីឡាទូកក្តោង ចាប់ផ្តើមមុនគេ ដោយមានកីឡាករ កីឡាការិនីចំនួន ៦ប្រទេស ចូលរួមនៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ចាប់ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ រីឯកីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣ និងកីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
មន្ត្រីរដ្ឋបាលខេត្ត បានអោយដឹងថា ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើ៣ប្រភេទកីឡានេះ ខេត្តព្រះសីហនុ មានយុវជនស្ម័គ្រចិត្តរបស់សហភាពសហពន្ធ័យុវជនកម្ពុជា(ស.ស.យ.ក) ចំនួន ១១៧នាក់ ព្រមទាំងមន្ត្រី កងកម្លាំងមានសមត្ថកិច្ច ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ច និងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ចូលរួមជួយសម្របសម្រួល។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៌បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធានាការស្នាក់នៅ និងផ្តល់អាហារជូនប្រតិភូកីឡា នៃបណ្តាប្រទេសដែលបានមកចូលរួមប្រកួត ក្នុងនោះប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិទស្សនាដោយសេរី។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់នៅតាមទីតាំងមួយចំនួនផងដែរនៅក្នុងខេត្យព្តះសីហនុយើងនេះ៕
ចាន់ វិចិត្រ