រាជរដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់ជូន ខាន់ ចេសា ពីការឈ្នះមេដាយមាសជឺជិតស៊ូពិភពលោក ឆ្នាំ២០២២
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ទទួលបានថវិកាឧបត្ថម្ភចំនួន៤០លានរៀល ចំពោះការឈ្នះមេដាយមាសជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួមអ៊ីមីរ៉ាត់ ប្រព្រឹត្តទៅកាលពីថ្ងៃ២៧ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ លោក ខាន់ ភីធើ ជាគ្រូបង្គោល និងជាឪពុក និងលោក Paas Jasper ជាគ្រូជំនួយក៏ទទួលបានថវិកាលើកទឹកចិត្តផងដែរ។ ក្នុងនោះ លោក ខាន់ ភីធើ ទទួលបាន៤០លានរៀល និងលោក Paas Jasper ទទួលបាន២៨លានរៀល
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ថវិកានេះដោយផ្ទាល់ដែលធ្វើឡើង នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣។
គួររំឭកថា មុនឈានទៅដណ្ដើមបានមេដាយមាសពិភពលោកលើវិញ្ញាសា Adults Women ៥២គីឡូក្រាមនេះ ចេសា បានឈ្នះកីឡាការិនីហ្វីលីពីន, ឈ្នះម្ចាស់ផ្ទះអារ៉ាប់រួម, ឈ្នះកីឡាការិនីអ៊ីស្រាអែល និងផ្ដាច់ព្រ័ត្រឈ្នះកីឡាការិនីអេស្ប៉ាញ។
ដោយឡែកសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ខាន់ ចេសា នឹងត្រូវប្រកួត នៅលើវិញ្ញាសាចំនួន២ផ្សេងគ្នា គឺវិញ្ញាសាគី (Gi) ទម្ងន់ ៥២គីឡូក្រាម និងវិញ្ញាសាគ្មានគី (No-Gi) ទម្ងន់ ៥២គីឡូក្រាមដូចគ្នា។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា តទៅ៕
ចាន់ វិចិត្រ