អភិបាលខេត្តសូម៉ាត្រាខាងលិច គោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅធ្វើបាឋកថា នៅសាកលវិទ្យាល័យជាតិប៉ាដាង
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម Mahyeldi Ansharullah អភិបាលខេត្តសូម៉ាត្រាខាងលិច នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានសុំគោរពអញ្ជើញសម្ដេចតេជោ ដើម្បីទៅធ្វើបាឋកថា នៅសាកលវិទ្យាល័យជាតិប៉ាដាង ដែលមាននិស្សិតប្រមាណ ៣ពាន់នាក់ នៅចាំស្ដាប់ ។
ឯកឧត្តម Mahyeldi Ansharullah បានគោរពសម្ដែងនូវការអរគុណជូនចំពោះសម្ដេចតេជោ ដែលបានយល់ព្រមទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សាស្ត្រ ពីរសាកលវិទ្យាល័យជាតិណេហ្គរី ប៉ាដាង ។
ឯកឧត្តមបានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ពិតជាមានកិត្តិយសណាស់ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថា សាកលវិទ្យាល័យជាតិប៉ាដាងរហូតមកដល់ពេលនេះ ទើបជូនសញ្ញាបត្របណ្ឌិតកិត្តិយសដល់ឥស្សរជនជាន់ខ្ពស់ចំនួនបួននាក់តែប៉ុណ្ណោះ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំកំពូល ឆ្លងកាត់បទពិសោធន៍ និងចូលរួមចំណែកយ៉ាងធំធេង មិនត្រឹមតែនៅក្នុងសង្គមជាតិទេ ប៉ុន្តែនៅក្នុងពិភពលោក ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Mahyeldi Ansharullah ហើយបានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យជាតិប៉ាដាង ដ៏ល្បីល្បាញ។
សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ថា នឹងពិនិត្យមើលកម្មវិធីជាក់ស្ដែង ដើម្បីទៅធ្វើបាឋកថា និងដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងប្រជាជនទាំងពីរផង៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ