ស្ថាប័នព្រឹទ្ធសភាឯកភាពសេចក្តីព្រាងច្បាប់កិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាង កម្ពុជា និងវៀតណាម (Video Inside)

ស្ថាប័នព្រឹទ្ធសភាបានឯកភាពទាំងស្រុងនៅថ្ងៃទី២ ឧសភានេះ លើសេចក្តីព្រាងច្បាប់ នៃ «កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម»។ អ្នកនាំពាក្យស្ថាប័នព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា សម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅថ្ងៃទី២ ខែឧសភា ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឯកភាពទាំងស្រុង ដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីបានពិនិត្យ និងឲ្យយោបល់ក្នុងសម្លេង៥៧ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល»។

សេចក្តីព្រាងច្បាប់នៃ «កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម» ត្រូវគេរំពឹងថា នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត ក្នុងការបន្តពង្រឹងការតភ្ជាប់ ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញ តាមរយៈការផ្តល់ឱកាសការងារ, ឱកាសធុរកិច្ច, ការជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារ ដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម គិតត្រឹមឆ្នាំ២០២០ បានកើនឡើងដល់៥ពាន់ ៣៣០លានដុល្លារ បើទោះបីប្រទេសទាំង២ បានប្រឈមនឹងជម្ងឺឆ្លងកូវីដ១៩។ យោងតាមក្រសួងការបរទេស, ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនដល់១ម៉ឺន ៥៧០លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលកើន១០កណ្តក់សញ្ញា ៨៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាថ្ងៃទី២ ឧសភា ដដែលនេះផងដែរ, សេចក្តីព្រាងច្បាប់២ដទៃទៀត គឺសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ក៏ត្រូវបានព្រឹទ្ធសភាឯកភាពផងទៀត។

ads banner