២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)
ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏មិនមានការឆ្លងថ្មីផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៤១៦ករណី ដែលជាតួលេខថយចុះមកវិញចំនួន ១ពាន់ ៩១ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ១ពាន់ ២៤៣ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៥នោះ គឺប្រទសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ១០៦ករណី។ ប្រទេសហ្វីលីពីន, សឹង្ហបុរី, កម្ពុជា, ឡាវ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២០នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសថៃ។
គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៨៥ម៉ឺន ៣ពាន់ ៣១៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ១៦៦នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៧ លានករណី, និងការស្លាប់មានជាង ៦លាន ៨៦ម៉ឺននាក់៕