គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់
ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បាននឹងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
នៅក្នុងកិច្ចប្រជុំលើកទី២១គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនាថ្ងៃទី២ ខែឧសភាឆ្នាំ២០២៣សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.មានប្រសាសន៍ថា គោលការណ៍សំខាន់នៃការផ្ទេរមូលនិធិនេះ ក៏ត្រូវលើកយកមកពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំនាព្រឹកនេះដែរ។
យោងតាមក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងរយៈពេលកន្លងទៅនេះដែរ ក្រុមការងារអន្តរក្រសួងដោយបានការសម្របសម្រួលពី គ.ជ.អ.ប ក៏បានរៀបចំសិក្សា វាយតម្លៃ លើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារវិស័យអប់រំដែលផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានរៀបចំជារបាយការណ៍ ស្ដីពីលទ្ធផលនៃការសិក្សាវាយតម្លៃនេះ។
សម្ដេចបានបញ្ជាក់ទៀតថា ៖ «ការងារដ៏មានសារៈសំខាន់មួយទៀតដែរដែល គ.ជ.អ.ប. សម្រេចបា គឺការព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨»។
យោងតាមក្រសួងមហាផ្ទៃបានលើកឡើងដែរថា ផ្អែកលើការសម្រេច និងឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប. កាលពីខែធ្នូ ឆ្នាំ២០២២មក គ.ជ.អ.ប. បានបំពេញភារកិច្ចទទួលបានលទ្ធផលយ៉ាងច្រើន ក្នុងនោះរួមមានការអនុម័តឯកសារផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី១ ២០២១-២០២៥ នៃកម្មវិធីជាតិដំណាក់កាលទី២ ព្រមទាំងបានសម្រេច និងដាក់ឱ្យអនុវត្តផ្លូវការ នូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣របស់ គ.ជ.អ.ប.។
សម្ដេចក្រឡាហោម ស ខេង បន្តថា គ.ជ.អ.ប. ក៏បានរៀបចំ និងដាក់សំណើរសុំគោលការណ៍អនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្ថែមសមាជិកចំនួនបួនរូបបន្ថែមទៀត រួមមាន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន បានប្រាប់ឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រសួងមហផ្ទៃ បានដាក់ឱ្យអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្ទេរអំណាចទៅដល់ថ្នាក់ក្រោម បានយ៉ាងមានប្រសិទ្ធិភាព ប៉ុន្តែក៏មានបញ្ហាឈមខ្លះដែរពាក់ព័ន្ធនឹងថវិកានេះ។
លោកបានថ្លែងថា ៖ «ចំពោះការរៀបចំសេចក្តី ព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ នេះ គឺជារឿងល្អមួយ សម្រាប់ឱ្យថ្នាក់ក្រោមមានកញ្ចប់ថវិកាក្នុងការរៀបចំអភិវឌ្ឍន៍នូវគម្រោងនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន»។
ទោះជាយ៉ាងណាលោក ប៉ា ចន្ទរឿន ថា ការទម្លាក់កញ្ចប់ថវិកាទៅឱ្យមូលដ្ឋានសម្រាប់ធ្វើការអភិវឌ្ឍន៍ក៏គួរតែក្រសួងមានយន្តការគ្រប់គ្រង និងបែងចែក ព្រមទាំងតាមដាន រាល់ការចំណាយរបស់ឃុំសង្កាត់ និងក្រុងស្រុក ដើម្បីធានាដល់តម្លាភាព ប្រសិទ្ធិភាពចំពោះការចំណាយថវិកាជាតិ៕
ដោយ៖គឹម យុត្ថារ៉ូ