ទំនិញខូចគុណភាព ជាងប្រាំពីរតោនត្រូវបានដុតកម្ទេចចោល នៅខណ្ឌដង្កោ
ភ្នំពេញ៖ ទំនិញខូចគុណភាពរួមមាន សាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ នំចម្រុះ និងគ្រឿងសម្អាង សរុបជាងប្រាំពីរតោនត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប ធ្វើការបំផ្លាញចោលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។
ការបំផ្លាញចោលនេះត្រូវបានលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ នៅតាមបណ្តាទីតាំងស្តុកទុក ចែកចាយផលិតផល សាច់សត្វស្រស់ បង្កក ម្ហូបអាហារ គ្រឿងសម្អាង ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា ៖ «គោលបំណង នៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ ផលិតផលហួសកាលបរិច្ឆេទ ខូចគុណភាព គ្មានសុវត្ថិភាព និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន ពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុកជាដើម»។
លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានបញ្ជាក់ថា ផលិតផលខូចគុណភាព គ្មានសុវត្ថិភាព កង្វះអនាម័យ និងមិនមានភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេស សម្រាប់អ្នកប្រើប្រាស់ ដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបានមន្រ្តីជំនាញ ក.ប.ប. បង្ក្រាបបានក្នុងប្រតិបត្តិការចុះត្រួតពិនិត្យតាមបណ្តាឃ្លាំងស្តុកសាច់ស្រស់ និងបង្កក ហាងលក់ទំនិញ ម៉ាតនៅក្នុងរាជធានីភ្នំពេញ នារយៈពេលកន្លងមក រួមមាន សាច់បង្កក ១៩៣កេស ស្មើនឹង៣,៧៤០គីឡូក្រាម,សាច់ហេមបួនកេស ស្មើនឹង១៣០គីឡូក្រាម,នំចម្រុះ ស្មើនឹង២,៨៣៣គីឡូក្រាម,គ្រឿងសម្អាង ស្មើនឹង២២០គីឡូក្រាម,គ្រឿងក្នុងមាន់ទា ៨៤គីឡូក្រាម។សរុបចំនួន៧,០០៧គីឡូក្រាម។
ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមការងារ ក.ប.ប តែងតែបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យនិងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន។
ឯកឧត្តមបន្តថា ក្រុមការងារ ក.ប.ប ក៏តម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផល ម្ហូបអាហារ ប្រភេទសាច់សត្វ ស្រស់ បង្កក និងផលិតផល អំពីសត្វ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ និងត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវស្រប ទៅតាមលក្ខខណ្ឌតម្រូវ នៃការវេចខ្ចប់ និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោមទៅតាមច្បាប់ និងទបប្បញ្ញត្តិជាធរមាន។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានសាទរចំពោះការដុតបំផ្លាញសាច់បង្កកខូចគុណភាពទាំងនេះ ប៉ុន្តែលោកក៏បានបង្ហាញពីការព្រួយបារម្ភដែរថា ការលួចនាំចូលសាច់បង្កកខូចគុណភាពមកនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករចិញ្ចឹមក្នុងស្រុក ដោយបានធ្វើឱ្យតម្លៃសាច់ទាំងនោះ ជាពិសេសសាច់ជ្រូកមានការចុះថោក ខណៈសាច់បង្កកទាំងនោះនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ទៀតថា ៖« សាច់បង្កកនៅតែមានលួចនាំចូលមកដោយខុសច្បាប់ ហើយប្រជាពលរដ្ឋយើងភាគច្រើនត្រូវការសាច់ដែលមានតម្លៃថោក តែសាច់ទាំងនោះពិតជាធ្វើឱ្យប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់នៅពេលយើងបរិភោគវាទៅ។យើងសង្ឃឹមថា អាជ្ញាធរពាក់នឹងបន្តទប់ស្កាត់ និងស្រាវជ្រាវយកមកដុតបំផ្លាញចោលឱ្យអស់ ដើម្បីស្ថិរភាពទីផ្សារសាច់សត្វនៅក្នុងស្រុក និងចៀសវាងផលប៉ះពាល់ដល់សុខភាពពលរដ្ឋយើង»។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបង្ហាញថា ក្នុងខែមេសា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញ ក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ ហាង និងផ្ទះលក់ទំនិញបានចំនួន៥២លើក ដោយបានរកឃើញទំនិញជាម្ហូបអាហារខូចគុណភាពចំនួន៧៩៨គីឡូក្រាម និង៦០៤,៣០លីត្រ៕
ដោយ៖វណ្ណ សុជាតា