សន្តិសុខ និងសណ្តាប់ធ្នាប់ ត្រូវបានពង្រឹង ខណៈពិធីប្រកាសបើកជាផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេមនឹងប្រារព្ធនៅថ្ងៃស្អែក
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រារព្ធបើកជាផ្លូវការនៅ រាត្រីថ្ងៃ សុក្រ ទី៥ខែឧសភាឆ្នាំ២០២៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ។
ស្របពេលដែលពិធីបើកជាផ្លូវការនៃការប្រកួតកីឡាស៊ីហ្គេមដ៏ធំមួយនេះនឹងចាប់ផ្តើម ការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានី ភ្នំពេញនិយាយជារួម និងតំបន់ជុំវិញវិមានកីឡដ្ឋានមរតកតេជោ និងកន្លែងប្រកួតនានា និយាយ ដោយ ឡែកត្រូវបាន ពង្រឹងយ៉ាងម៉ត់ចត់។សមត្ថកិច្ចចម្រុះប្រមាណ
ជាង ពីរ ម៉ឺននាក់ត្រូវបានប្រើប្រាស់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។
លោកវរសេនីយ៍ទោ ឆេង សុវណ្ណ ប្រធានផ្នែកមន្រ្តីនគរបាលមើល ការខុស ត្រូវលើម៉ាស៊ីនអ៊ិចសារ៉េត្រួតពិនិត្យចេញចូលច្រកផ្លូវនៃ ពហុកីឡដ្ឋានជាតិ អូឡាំពិកបានឱ្យដឹងថា កម្លាំងសមត្ថកិច្ច នាយកដ្ឋានអង្គរក្សបានដាក់ ម៉ាស៊ីន អ៊ិចសារ៉េ (X-Ray) ចំនួនប្រាំ គ្រឿងដើម្បី ធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ រកគ្រឿង អាវុធជាតិផ្ទុះ ក៏ដូចជាឧបករណ៍ហាមឃាត់នានាមិន ឱ្យចូល ដែលអាចបង្កបញ្ហាណា មួយក្នុងការ ប្រកួត កីឡាស៊ីហ្គេមដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ។
លោកបានបញ្ជាក់បន្ថែមថា ក្រុមរបស់លោកបាន ដាក់ កម្លាំងជាច្រើននាក់ ចាប់ពីថ្ងៃបើករហូតដល់ បញ្ចប់ដើម្បីសុវត្ថិភាព ដល់បងប្អូនប្រជាពល រដ្ឋ ក៏ដូចជាកីឡាទាំងជាតិ និងអន្តរជាតិក្នុងកំឡុងនៃការប្រកួតនេះ។
យុវនារី សុខទៀង រស់នៅខណ្ឌសែនសុខរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ ជុំវិញការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ដែលកញ្ញាក៏ជាយុវជនស្ម័គ្រចិត្តមួយរូបក្នុងកិច្ចការសង្គមនេះថា ស្ថានភាពជារួមល្អប្រសើរ ហើយទាំងការរៀបចំការ ប្រកួតស៊ីហ្គេម និង សណ្តាប់ធ្នាប់ ដែលធ្វើឱ្យទាំងពលរដ្ឋកម្ពុជានិងភ្ញៀវអន្តរជាតិមានអារម្មណ៍ កក់ក្តៅ។
ដោយឡែកយុវនារី ជា សុផាណារី ជាយុវនិស្សិតមួយរូបទៀតរស់នៅ រាជធានីភ្នំពេញបាននិយាយ ថា បើតាមការសង្កេតឃើញថា មានការ បែងចែកតួនាទីបានច្បាស់លាស់និងសហការគ្នាល្អដែលធ្វើឱ្យសន្តិសុខសណ្តាប់ធ្នាប់មើលទៅរលូននិងប្រកបដោយសុវត្ថិភាពគួរជាទីកក់ក្តៅ។
លោក លឹម ចាន់តារា រស់នៅរាជធានីភ្នំពេញបានចាត់ទុកថា ការរឹតបន្តឹង ទៅលើសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់និងចាំបាច់នៅ ពេលមាន ព្រឹត្តិការណ៍អ្វីមួយសំខាន់ដែលមិនអាចប្រទេសណាមួយធ្វេសប្រហែសបានឡើយ។ដូចជាករណីការប្រកួតនៅព្រឹត្តិការណ៍ កីឡាស៊ីហ្គេមនេះ មានការត្រួត ពិនិត្យច្រើនដំណាក់ទាំងក្នុង និងក្រៅដែលធ្វើឱ្យអ្នកចូលទស្សនាមានភាព កក់ក្តៅ និងមានទំនុកចិត្ត។
ពាក់ព័ន្ធក្នុងរឿងនេះដែរ លោក ចាន់ តារារៀន ដែលបានចូល ទៅទស្សនាការប្រកួតនៅពហុកីឡដ្ឋានជាតិ អូឡាំពិក បានបញ្ជាក់ ថា ការរឹតបន្តឹង សន្តិសុខ សណ្តាប់ធ្នាប់ នាពេលនេះលោកសង្កេត ឃើញថាធ្វើបានល្អ។ លោកចង់ឱ្យពលរដ្ឋកម្ពុជាចូលរួមទាំងអស់គ្នា ដើម្បីប្រទេសជាតិយើង។
គួររំលឹកថា ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិបានថ្លែងនាកន្លងទៅថា គោលបំណងទីមួយ ត្រូវ ធានាដាច់ខាត សុវត្ថិភាព និងសន្ដិសុខទាំងស្រុង នៅពេលប្រារព្ធពិធីប្រកួតកីឡា ស៊ីហ្គេមនិងកីឡាអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជាទាំងមុន និងក្រោយការ ប្រកួត។ គោលបំណងទីពីរ លើកកិត្យានុភាពរបស់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។
ជាមួយគ្នានេះឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានសំណូមពរដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវសហការគ្នា ពង្រឹងសុវត្ថិភាព និងសន្ដិសុខ ដើម្បីឲ្យកម្ពុជាទទួលបានជោគជ័យក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងកីឡាជន ពិការប៉ារ៉ាហ្គេម។ ជាពិសេស អាជ្ញាធររាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ និងគ្រប់គ្រងពួកឧបាយកល អមិត្តនានា។
សូមជម្រាបថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានឹង ប្រព្រឹត្ដទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា រីឯការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ចាប់ផ្ដើមពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក សួង ពិសិដ្ឋ





