អូស្ត្រាលី គ្រោងនឹងដើម្បីបង្កើតសួនកសិ-ឧស្សាហកម្មដំបូងគេនៅកម្ពុជា
ភ្នំពេញ៖ ប្រទេសអូស្ត្រាលីកំពុងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម ឬ អេអាយភី(AIP) ដំបូងគេនៅកម្ពុជា ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួនលើផលិតផលដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។
យោងតាមការចេញផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជានៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កសិផលកម្ពុជា ៩៥ភាគរយ ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ។ ប្រទេសទាំងនោះ បន្ទាប់ពីទិញកសិផលយកទៅ បានកែច្នៃវាទៅជាផលិតផលមានតម្លៃជាងកសិផលដើម ដូចជាធ្វើទៅជា តំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។
ស្ថានទូតដដែលបន្តថា ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ កម្ពុជាចាំបាច់ត្រូវវិនិយោគលើកន្លែងកែច្នៃកសិផលរបស់ខ្លួន។ នោះហើយជាមូលហេតុ ដែលអូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេ ។
«សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការនិងបរិស្ថានប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ សួនកសិ-ឧស្សាហកម្ម មានសក្តានុពលជាខ្លាំងសម្រាប់កម្ពុជា»។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។
ជុំវិញការកែច្នៃផលិតផលកសិកម្មកម្ពុជានេះដែរ បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយល់ឃើញថា ជាគម្រោងមួយដ៏ល្អសម្រាប់កម្ពុជា ព្រោះថាការដែលមានឧស្សាហកម្មកែច្នៃកាន់តែច្រើន វានឹងជួយបន្ថែមដល់វិស័យឧស្សាហកម្ម ជាពិសេសការកែច្នៃលើផលិតកសិកម្មកម្ពុជា ដែលកំពុងមានសក្តានុពលដូចជា ស្វាយចន្ទី ដំឡូងមី ស្វាយ ចេក ជាដើម។
ឯកឧត្តមបានប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែឧសភា ថា ៖ «ឥឡូវអ្វីដែលយើងមានការរីកចម្រើនច្រើននោះគឺការកែច្នៃស្រូវអង្ករ ។យើងមានរោងម៉ាស៊ីនច្រើនគួរសម។ ប៉ុន្តែអ្វីដែលយើងខ្វះនោះគឺការកែច្នៃស្វាយចន្ទី ដែលត្រូវការឱ្យមានកាន់តែច្រើនដើម្បីពង្រីកវិសាលភាពនៃការកែច្នៃនេះ ។បើសិនជាបង្កើតឱ្យមានឧស្សាហកម្មកែច្នៃ យើងគួរបង្កើតទៅតាមតំបន់ដែលមានសក្តានុពលដំណាំនីមួយៗ។ មានន័យកន្លែងណាសម្បូរស្វាយ យើងបង្កើតកន្លែងកែច្នៃស្វាយ កន្លែងណាសម្បូរស្វាយចន្ទី យើងបង្កើតកន្លែងកែច្នៃស្វាយចន្ទី»។
ទោះជាយ៉ាងណាក៏ដោយ បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ទៀតថា ក្រៅពីដោះស្រាយបញ្ហារោងចក្រកែច្នៃហើយ ក៏ត្រូវមានការគិតគូរពីបញ្ហាមួយចំនួនទៀត ដូចជាបញ្ហាដើមទុន ថ្លៃដើមនៃការកែច្នៃ និងបញ្ហាទីផ្សារ ជាដើម។
ចំណែកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានប្រាប់ឱ្យដឹងដែរថា លោកបានចូលរួមប្រជុំពីរដងរួចមកហើយ។គឺ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្តង និងក្រុមការងារសិក្សាលើគម្រោងសួនកសិ-ឧស្សាហកម្ម (AIP)នេះម្តងដែរ ដោយភាគីពាក់ព័ន្ធ ប្តេជ្ញាបន្តជំរុញការងារនេះ ធ្វើយ៉ាងណាដើម្បីបង្កើតសួនកសិ-ឧស្សាហកម្មឱ្យបានឆាប់។
ឧកញ៉ាបានបន្ថែមថា នៅក្នុងកិច្ចពិភាក្សានោះ ខាងក្រុមការងារសិក្សាលើគម្រោងសួនកសិ-ឧស្សាហកម្មក៏បានដាក់ចេញនូវតំបន់អាទិភាពមួយចំនួននៅតាមបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបងជាដើម ដែលនេះវាស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ភូមិភាគពាយ័ព្យទៅជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។
ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា ៖ «ដោយសារយើងនៅខ្វះកម្រិតនៃការកែច្នៃ និងការស្តុកទុកសម្រាប់កែច្នៃ ដែលធ្វើឱ្យយើងនាំវត្ថុធាតុដើមចេញទៅក្រៅប្រទេសភាគច្រើន ប៉ុន្តែបើយើងមិននាំចេញទេ យើងមិនមានលទ្ធភាពរៀបចំឃ្លាំងស្តុកទុកវត្ថុធាតុដើមទាំងនោះទេ។ដូចនេះការរៀបចំឱ្យមានសួនកសិ-ឧស្សាហកម្ម វាជារឿងមួយល្អមែនទែនសម្រាប់កម្ពុជាយើង»។
ជាមួយគ្នានោះដែរ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយដែរថា ការបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) គឺជារឿងដ៏សំខាន់ណាស់សម្រាប់កម្ពុជា ព្រោះវាបានឆ្លើយតបទៅនឹងអ្វីដែលកម្ពុជាកំពុងមានស្រាប់នោះគឺវត្ថុធាតុកសិកម្ម។
លោកបានបញ្ជាក់ថា ៖ «ខ្ញុំយល់ថា វាជាចំណុចរសើបយ៉ាងពិសេស ដែលអាចនឹងធ្វើកសិកម្មនៅកម្ពុជាយើង នឹងស្ទុះឡើងមួយកម្រិតបន្ថែមទៀត បើសិនណាយើងមានការវេចខ្ចប់ ការកែច្នៃ ឬរៀបចំឱ្យជាកសិ-ឧស្សាហកម្មខ្នាតសមស្របមួយ សម្រាប់លក់ក្នុងស្រុកផង និងអាចនាំចេញទៅក្រៅបានទៀត។ វានឹងផ្តល់សង្ឃឹមថ្មីមួយទៀតដល់ប្រជាកសិកររបស់យើង»។
យោងតាមការសិក្សាលទ្ធភាពឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិ-ឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លាអាមេរិច ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០ ០០០កន្លែង ដែលជាងពាក់កណ្តាលការងារនេះនឹងជារបស់ស្ត្រី។
គួរបញ្ជាក់ថា ថ្មីៗនេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខរបស់ប្រទេសអូស្ត្រាលី ហៅថា CAPRED បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់គណៈកម្មាធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិ-ឧស្សាហកម្ម។ ពួកគេបានសិក្សាអំពីការគាំទ្ររបស់រដ្ឋាភិបាល ទំនាក់ទំនងសាធារណៈ ឧស្សាហកម្ម និងការស្រាវជ្រាវ សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ី និងបញ្ហាប្រឈមនានាក្នុងការបង្កើត សួនកសិ-ឧស្សាហកម្ម៕
ដោយ៖វណ្ណ សុជាតា

